ព័ត៌មានសុខភាព

ឡើងគីឡូជ្រុលក្នុងពេលតាំងគភ៌ តើមានអ្វីកើតឡើង?

ស្ត្រីគ្រប់រូបត្រូវចាំថា ការឡើងទម្ងន់ ឬធាត់ជ្រុលពេកក្នុងអំឡុងពេលតាំងគភ៌ដំណាក់កាលដំបូង ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព បន្ទាប់ពីសម្រាលកូនរួច។

បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ភាពធាត់ពេកអាចនាំឲ្យមានផលវិបាកដូចជា កូឡេស្តេរ៉ុលឡើងខ្ពស់ លើសសម្ពាធឈាម ឈឺសន្លាក់ ជួបបញ្ហារំលាយអាហារ.ល.។ ហេតុនេះ ស្ត្រីមិនត្រូវបណ្តោលខ្លួនឲ្យធាត់ខ្លាំងពេកនោះទេ នៅក្នុងអំឡុងពេលតាំងគភ៌។

អ្នកជំនាញបានមានប្រសាសន៍ថា ក្នុងអំឡុងពេលតាំងគភ៌ ស្ត្រីគួរឡើងទម្ងន់ត្រឹមតែ៨ទៅ១០គីឡូក្រាម ដើម្បីឲ្យមានសុខភាពល្អ។ ទោះជាយ៉ាងណា ចំពោះមនុស្សស្រីដែលលើសទម្ងន់ស្រាប់មុនពេលតាំងគភ៌ គួរតែកំណត់ការឡើងទម្ងន់ត្រឹមតែ៥ទៅ៧គីឡូក្រាម បានហើយ។ ព្រោះ​ការលើសទម្ងន់​ច្រើនជាង​ចំនួនដែលបានកំណត់ អាចបង្កឲ្យមានហានិភ័យដល់សុខភាពទាំងទារក និងអ្នកម្តាយ ក្រោយពេលសម្រាល។

ការសិក្សាថ្មីមួយបានចុះផ្សាយនៅក្នុងកាសែត JAMA Network បង្ហាញថា កុមារដែលមានបញ្ហាខួរក្បាល ភាគច្រើន​កើតចេញ​ពីពោះម្តាយ​ដែលធាត់ជ្រុល​ក្នុងអំឡុងពេលតាំងគភ៌។

លើសពីនេះទៅទៀត អ្នកស្រាវជ្រាវបានរកឃើញដែរថា បន្ទាប់ពីសម្រាលស្ត្រីដែលលើសទម្ងន់ក្នុងដំណាក់កាលដំបូងនៃការមានផ្ទៃពោះ នឹង​ទទួលរង​ពីជំងឺ​ធ្លាក់ទឹកចិត្ត ឈឺខ្នង មករដូវច្រើនខុសពីធម្មតា.ល. ដោយសារតែខ្វះអ័រម៉ូន ទើបបង្កឲ្យកើតមានជាតិខ្លាញ់លើសនៅក្នុងរាងកាយ។

ដូច្នេះ បើតាមការសន្និដ្ឋានរបស់អ្នកជំនាញបានបង្ហាញថា ការលើសទម្ងន់ក្នុងអំឡុងពេលដំណាក់កាលនៃដំបូងនៃការតាំងគភ៌ អាចប៉ះពាល់ដល់ម្តាយ និងទារកក្រោយពេលកើត៕

មតិយោបល់