ព័ត៌មានជាតិ

ជនរងគ្រោះដែលធ្លាយពោះវៀន និងផ្ទះជាង ៦៨២ខ្នង ត្រូវអាជ្ញាធរកំពុងយកចិត្តទុកដាក់

កំពង់ចាម: ដោយក្តីកង្វល់របស់ថ្នាក់ដឹកនាំអាជ្ញាធរខេត្ត ដែលមានភាពប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ នាព្រឹកថ្ងៃទី១២ ឧសភា ២០១៦នេះ លោក លន់ លឹមថៃ អភិបាលនៃគណអភិបាលខេត្តកំពង់ចាម បានដឹកនាំកម្លាំងមន្ត្រីរាជការ ទាំងកម្លាំងប្រដាប់អាវុធ និងយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ជាច្រើននាក់ បានចុះជួយរុះរើ និងរៀបចំសាងសង់លំនៅឋាន ជួនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ បណ្ដាលឲ្យរងការខូចខាតផ្ទះចំនួន៦៨២ខ្នង នៅស្រុកស្ទឹងត្រង់ ស្រុកបាធាយ និងស្រុកជើងព្រៃ ជាដើម ក្នុងនោះក៏មានមនុស្សចំនួន៨នាក់ ត្រូវរងរបួសធ្ងន់និងស្រាល ដែលស្ត្រីម្នាក់ត្រូវរងរបួសធ្ងន់ធ្ងរ ធ្លាយពោះវៀនចេញមកក្រៅផងដែរ ហើយអាជ្ញាធរ ក៏បានសន្យាថា នឹងនាំយកអំណោយកាកបាទក្រហមកម្ពុជា មកចែកជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់នេះ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីទាំងអស់ ។

គួររំលឹកថា កាលពីវេលាម៉ោងជាង២រសៀល ថ្ងៃទី១១ ឧសភានេះ នៅក្នុងភូមិទាំង៦ របស់ឃុំដងក្តារ ស្រុកស្ទឹងត្រង់ មានករណីខ្យល់កន្ត្រាក់មួយ បានបក់បោកមកលើផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យខូចខាតចំនួន១៨៤ខ្នងផ្ទះ ដែលខ្លះដួលរលំទាំងស្រុង ខ្លះទៀតប៉ើងរបើកដំបូល និងជញ្ជាំង ដើមកៅស៊ូ ស្វាយចន្ទី និងដំណាំរួមផ្សំផ្សេងៗទៀត ត្រូវដួលរលំ ប្រព័ន្ធអគ្គិសនីត្រូវបានកាត់ផ្ដាច់ ហើយក៏មានមនុស្សចំនួន៤នាក់ ត្រូវរងរបួស ក្នុងនោះស្ត្រីម្នាក់ត្រូវរបួសធ្ងន់ ធ្លាយពោះវៀនចេញមកក្រៅផងដែរ។

ដោយឡែកកាលពីវេលាម៉ោង៣រសៀល ថ្ងៃដដែល ខ្យល់កន្ត្រាក់ ក៏បានបន្តបក់បោក មកលើលំនៅឋានប្រជាពលរដ្ឋ ក្នុងឃុំចំនួន៤ របស់ស្រុកបាធាយ បណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន៤៩២ខ្នង ត្រូវរងការខូចខាត និងមនុស្សចំនួន៤នាក់ ត្រូវរងរបួសធ្ងន់និងស្រាល។

ក្នុងនោះនៅស្រុកជើងព្រៃ ក៏មានករណីខ្យល់កន្ត្រាក់ បក់បោកមកលើ លំនៅឋានប្រជាពលរដ្ឋ បណ្ដាលឲ្យរងការខូចខាតចំនួន៦ខ្នងផ្ទះផងដែរ៕

photo_2016-05-12_18-30-59 photo_2016-05-12_18-30-58 photo_2016-05-12_18-30-57 photo_2016-05-12_18-30-56 (2) photo_2016-05-12_18-30-56 photo_2016-05-12_18-30-55 (2) photo_2016-05-12_18-30-55 photo_2016-05-12_18-30-54 (2) photo_2016-05-12_18-30-54

មតិយោបល់