ភ្នំពេញ: ករណីប្លន់ជាហូរហែរ ដោយប្រើ ដាវ កាំបិត ដំបង ឬ វត្ថុរឹងផ្សេងៗ ដេញវាយជនរងគ្រោះយកម៉ូតូ ទូរស័ព្ទ កាបូបលុយ និងទ្រព្យសម្បត្តិមានតម្លៃ ជាច្រើនទៀត ដែលអាវុធហត្ថរាជធានីភ្នំពេញ ទើបតែចាប់បញ្ជូនទៅតុលាការ អស់ ២ក្រុម កាលពីចុងសប្តាហ៍មុន នៅសប្តាហ៍ថ្មីនេះ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញបានបន្តការស្រាវជ្រាវ ចាប់បាន ០៣ក្រុម សរុបចំនួន ១០នាក់ បន្ថែមទៀត។
ជាក់ស្តែង រួមមាន៖
– ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោងប្រមាណ០៨ និង៥០នាទី សមត្ថកិច្ចអាវុធហត្ថ ខណ្ឌមានជ័យ បានចាប់បញ្ជូន ជនសង្ស័យម្នាក់ឈ្មោះ រ៉ុន រ៉ែម ភេទប្រុស ឆ្នាំកំណើត ១៩៨០ ជនជាតិខ្មែរ មុខរបរ កម្មករលីស៊ីម៉ង់ត៍ ស្រុកកំណើត ខេត្តព្រៃវែង ទីលំនៅបច្ចុប្បន្ន ស្នាក់នៅឃ្លាំងស៊ីម៉ង់ត៍ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងករណីជននេះ បានផ្លោះរបងចូលផ្ទះអ្នកដ៏ទៃ ចូលលួចទ្រព្យសម្បត្តិ នៅចំណុច ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ១១ និង៣០នាទី យប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦ ព្រមទាំងដកហូត បានអាវុធខ្លីមួយដើម ម៉ាក BERETA ពណ៌ស។
– ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោងប្រមាណ ០៧ និង៣០នាទី យប់ កម្លាំងកងរាជអាវុធហត្ថ ខណ្ឌ៧មករា កំពុងល្បាតក្នុងភូមិសាស្រ្ត ក៏បានប្រទះ ចោរ ០២នាក់ដែលធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក អាយហ្វូនហ្វាយ ពីជនរងគ្រោះ ២នាក់ ដែលកំពុងឌុបគ្នា និយាយទូរស័ព្ទ នៅចំណុច ផ្លូវ២១៤ កែងផ្លូវ៩៣ (ផ្លូវភ្លោះ អូរឫស្សី) ខណ្ឌ៧ មករា ក៏ត្រូវកម្លាំងល្បាតអាវុធហត្ថ ខណ្ឌ៧មករា ប្រដេញតាមចាប់ បានតែម្តង។
– ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោងប្រមាណ ១២ និង១០នាទី ថ្ងៃត្រង់ កម្លាំងអាវុធហត្ថ ខណ្ឌពោធិសែនជ័យ បានឃាត់ខ្លួនក្រុមចោរ ស៊ាំមុរ៉ៃ មួយសំបុកមានគ្នា០៧នាក់ នៅចំណុចម្តុំជម្ពូវ័ន្ត តាមបណ្តោយផ្លូវជាតិលេខ០៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ តាមចម្លើយសារភាពរបស់ក្រុមនេះ បានប្រាប់ថា កន្លងមកពួកវាធ្លាប់ធ្វើសកម្មភាព ប្រើដាវសាំម៉ូរ៉ៃ កាប់ប្លន់ជនរងគ្រោះ ជាច្រើនលើក រាប់មិនអស់ មកហើយ ក្នុងនោះ ពួកវាចាំបានច្បាស់ តែរយៈពេល ២ខែថ្មីៗនេះ ចំនួន ១១លើកប៉ុណ្ណោះ គឺ៖
. លើកទី១ ក្នុងអំឡុង ខែមីនា ដេញកាប់ជនរងគ្រោះម្នាក់ ជិះម៉ូតូម៉ាកឌូក ត្រូវ ១ដាវចំឆ្អឹងខ្នង នៅចំណុច ទល់មុខណាហ្គា នៅវេលាម៉ោង ០៣ទៀបភ្លឺ។
. លើកទី២ ក្នុងអំឡុងខែមេសា ដេញកាប់ជនរងគ្រោះ ២នាក់ ជិះម៉ូតូម៉ាក និច ពណ៌លឿង ត្រូវ ៣ដាវ នៅចំណុចទល់មុខ ក្លឹបវ៉ាវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោងប្រហែល១០:០០នាទី យប់។
. លើកទី៣ ក្នុងអំឡុងខែមេសា ២០១៦ ម៉ោងប្រហែល ១១:០០ នាទី យប់ ដេញកាប់ជនរងគ្រោះ ២នាក់ ជិះម៉ូតូ សង់ប៊ិច ពណ៌ខៀវ ត្រូវ ១ដាវ ចំខ្នង នៅចំណុចរង្វង់មូលចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
. លើកទី៤ ក្នុងអំឡុងខែមេសា ២០១៦ ម៉ោងប្រហែល១០:០០នាទី យប់ ដេញកាប់ជនរងគ្រោះ ២នាក់ ជិះម៉ូតូ Dream C125 ពណ៌ខ្មៅ ត្រូវ ១ដាវ ចំខ្នង នៅចំណុច ផ្សារកាណាស៊ីធី សង្កាត់ចោមចៅ។
. លើកទី៥ ក្នុងអំឡុងខែមេសា ២០១៦ ម៉ោងប្រហែល០១ រំលងអធ្រាត ដេញកាប់ជនរងគ្រោះ ២នាក់ ជិះម៉ូតូ MSX ត្រូវ ៤ដាវ ចំដៃ នៅចំណុចទល់មុខ ក្លីនិកឡាំប៊ុនថន សង្កាត់ចោមចៅ។
. លើកទី៦ ក្នុងអំឡុងខែមេសា ២០១៦ ម៉ោងប្រហែល១០:០០នាទី យប់ ដេញកាប់ជនរងគ្រោះ ២នាក់ ជិះម៉ូតូម៉ាក Dream C125 ត្រូវ ១ដាវ ចំខ្នង នៅចំណុចផ្លូវកប់ស្រូវ។
. លើកទី៧ ដេញកាប់ជនរងគ្រោះម្នាក់ ត្រូវ ៣ដាវ នៅចំណុចភូមិស្រែអំពិល។
. លើកទី៨ អំឡុងចុងខែមេសា ២០១៦ ដេញកាប់ជនរងគ្រោះ មានគ្នា ០៤នាក់ ជិះម៉ូតូម៉ាក MSX និង C125 ត្រូវ ១ដាវ នៅចំណុចទល់មុខ ខារ៉ាអូខេជម្ពូវ័ន្ត សង្កាត់ចោមចៅ។
. លើកទី៩ អំឡុងចុងខែមេសា ២០១៦ ម៉ោងប្រហែល ០២ រំលងអធ្រាត ដេញកាប់ជនរងគ្រោះ ចំនួន ០៧នាក់ត្រូវ ៣ដាវ នៅមុខ ព្រលានយន្តហោះពោធិ៍ចិនតុង។
. លើកទី១០ ថ្ងៃទី ០៧ ឧសភា ២០១៦ ម៉ោងប្រហែល០៧:០០នាទី យប់ ដេញកាប់ជនរងគ្រោះ ចំនួន ០២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាក TODAY ត្រូវ ៥ដាវ នៅមុខផ្សារជម្ពូវ៍័ន្ត។
. លើកទី១១ ថៃ្ងទី ១០ ឧសភា ២០១៦ ដេញកាប់ជនរងគ្រោះម្នាក់ ជិះម៉ូតូម៉ាកឌ្រីម C125 ត្រូវ ១ដាវ នៅចំណុចវត្តពោធិ៍ ខណ្ឌពោធិ៍សែនជ័យ។
មុនពេលធ្វើសកម្មភាពម្តងៗ ក្រុមវា តែងតែជួបជុំគ្នា ប្រើប្រាស់គ្រឿងញៀន ជាមុនសិន ហើយក្រោមពេលធ្វើសកម្មភាពរួច ពួកវាយករបស់ ដែលប្លន់បាន លក់យកលុយចែកគ្នា ជក់គ្រឿងញៀន ជាបន្តទៀត។ ជាក់ស្តែង ក្រោយពេល អាវុធហត្ថរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនក្រុមនេះ បានធ្វើតេស្តឃើញថា ពួកវាមានជាប់សារធាតុញៀន គ្រប់គ្នា។
បច្ចុប្បន្ន ជនសង្ស័យទាំង ១០នាក់ ត្រូវបាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ជាបន្តបន្ទាប់៕
មតិយោបល់