បន្ទាយមានជ័យ: សំណង់អគាររដ្ឋបាល និងអគារសាលប្រជុំ សាលាស្រុកអូរជ្រៅ ជាហេដ្ឋារចនាសម្ព័ន្ធថ្មី នឹងជួយសេវា ដល់ពលរដ្ឋ ឱ្យប្រសើរឡើងទៀត។ លោក សាន ស៊ានហូ អភិបាលស្រុកអូរជ្រៅ ក្នុងពីធីប្រគល់ ទទួលអគាររដ្ឋបាល និងអគារសាលប្រជុំ សាលាស្រុកខ្លួន កាលពីរសៀលថ្ងៃទី១២ ឧសភា នេះថា៖ ស្រុកនេះ បង្កើតឡើងវិញ នៅឆ្នាំ១៩៨៨ ឥឡូវមានទីតាំង នៅផ្លូវជាតិលេខ៥ ភូមិកូបលិច ឃុំកូប មាន៨ឃុំ នៅឆ្នាំ១៩៩៩ មាន ៩ឃុំ ហើយដល់ឆ្នាំ២០០៨ បំបែកជា២ គឺស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត។
លោក សាន ស៊ានហូ និយាយបន្តថា រដ្ឋបាលស្រុក បានចុះកិច្ចសន្យា ទទួលថវិកាជំនួយ ពីរាជរដ្ឋាភិបាល និងឥណទាន ធនាគារអភិវឌ្ឍន៍អាសុី សាងសង់អគារទាំង២ កាលពីថ្ងៃទី២២ ធ្នូ ២០១៤ ក្នុងទឺកប្រាក់ ២៨០.៨៨៦,៤៦ដុល្លារអាមេរិក។ បន្តមក បានក្រុមបច្ចេកទេសគម្រោង ក្រសួងមហាផ្ទៃ រដ្ឋបាលស្រុក បានរៀបចំនិតិវិធី លទ្ធកម្មតមវិធីសាស្ត្រ ” ការដេញថ្លៃ ដោយការប្រកួតប្រជែង ក្នុងស្រុក ” ហើយក្រុមហ៊ុន ធីរ៉ូ ខន់ស្ត្រាក់សិន ដេញថ្លៃទាបជាងគេ គឺចំនួន ២៥៤.១០៣,១៨ ដុល្លារអាមេរិក។
ដល់ថ្ងៃទី១២ មេសា ២០១៥ សម្តេចក្រឡាហោម ស ខេង បានអញ្ជើញបញ្ចុះបឋមសិលា សាងសង់អគាររដ្ឋបាល និងសាលប្រជុំ សាលាស្រុកអូរជ្រៅ នេះ ជាមួយអគារដូចគ្នានេះ ចំនួន ៣៣ស្រុក ក្រុង ទៀត នៃខេត្ត ១៨ នៅទូទាំងប្រទេស។ បន្ទាប់មក រដ្ឋបាលស្រុក បានចុះសន្យាការងារបន្ថែម ជាមួយក្រុមហ៊ុន ទទួលការលើគម្រោង ផ្លូវបេតុង ជាង ១៣៥,២ម៉ែត្រក្រឡា តម្លៃជាង ២៦.០០០ដុល្លារអាមេរិក។ ការអនុវត្តគម្រោង បានបញ្ចប់ កាលពីថ្ងៃទី៣០ មីនា ២០១៦។
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និយាយថា៖ អគាររដ្ឋបាល និងសាលប្រជុំសាលាស្រុក ដែលសង់ថ្មី ក្នុងគម្រោងនេះ នៅខេត្តនេះ មាននៅ ស្រុកអូរជ្រៅ និងនៅ ស្រុកភ្នំស្រុក។ លោកបន្តថា សមិទ្ធផលនេះ នឹងជួយសម្រួល និងផ្តល់អំណោយផល ប្រសើរឡើង ដល់រដ្ឋបាលស្រុក ក្នុងការបំពេញការងារ បម្រើសេវាសាធារណ:និងសេវារដ្ឋបាល ជូនពលរដ្ឋ តាមបែបវិសហមជ្ឈការ វិមជ្ឈការ និងលទ្ធិប្រជាធិបតេយ្យ។
លោក លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាយកគម្រោងអភិវឌ្ឍន៍ សេវាកម្មសធារណ: និងការគ្រប់គ្រងវិស័យហិរញ្ញវត្ថុ តាមបែបវិសហមជ្ឈការ វិមជ្ឈការនិយាយថា ” នេះជាការប្រគល់ ទទួល អគាររដ្ឋបាល និងអគារសាលប្រជុំសាលាស្រុក វាមិនមែនជាការសម្ពោធទេ ប៉ុន្តែវាមិនប្រាកដថា ត្រូវសម្ពោធទេ គឺសូមទទួលពីក្រុមហ៊ុន អ្នកទទួលម៉ៅការ ដើម្បីយកទៅប្រើប្រាស “។ លោក លេង វី និយាយពីការប្តេជ្ញាចិត្ត យ៉ាងមឺុងម៉ាត់ របស់រាជរដ្ឋាភិបាល ក្នុងការបន្តអនុវត្ត កំណែទម្រង់ វិសហមជ្ឈការ និងវិមជ្ឈការ ដែលបានធ្វើជាង ១៥ឆ្នាំ មកហើយនោះ។ លោកបានប្រៀបធៀបថា អគារនេះ ជាសំណង់រឹង ឯលទ្ធិប្រជាធិបតេយ្យ ជាសំណង់ទន់ ដែលរដ្ឋបាល ត្រូវបំពេញការងារ ជូនពលរដ្ឋ។
បន្ថែមលើនោះ លោកបានផ្តាំផ្ញើ ដាច់ខាតថា ” អគារនេះ ទុុកបម្រើតែការងារសាធារណ:ទូទៅ។ មិិនឱ្យប្រើក្នុងលក្ខណ:ឯកជន និងគណបក្សនយោបាយ ឡើយ “៕
មតិយោបល់