ព័ត៌មានជាតិ

អុញ ! សន្តិសុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបែកថ្នាំរត់ចូលឡាន ផ្អើលប្រជាពលរដ្ឋ

ភ្នពេំញ: យុវជនម្នាក់អង្គុយយំនៅលើសួនច្បារពុះចែកទ្រូងតាមបណ្តោយផ្លូវជាតិលេខ៥ ហើយបំរុងរត់ចូលឡាន តែត្រូវបានកម្លាំងប្រជាការពារសង្កាត់ឫស្សីកែវ ចាប់បញ្ជូនខ្លួនទៅប៉ុស្តិ៍នគរបាលឫស្សីកែវ ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៩និង១៥នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខផ្ទះលេខ៩៣០ ភូមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

ភ្នាក់ងារ Post News បានឲ្យដឹងថា បុរសដែលបែកថ្នាំដើរស្រែកអង្គុយយំបំរុងរត់ចូលឡាននោះមានឈ្មោះ ពៅ សារភឿន អាយុ ៣៦ឆ្នាំ មានមុខរបរ សន្តិសុខនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិតាខិន ឃុំចន្ក្រី ស្រុករមាសហែក ខេត្តស្វាយរៀង ។

ប្រភពដដែលបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១៤ ខែមិនា រូបគេបានមកផឹកស៊ីនៅផ្ទះមិត្តភ័ក្ក្រ មួយកន្លែងនៅក្នុងសង្កាត់ឫស្សីកែវ ដោយផឹកស៊ីជាមួយមិត្តភ័ក្ក្រចំនួន ៤ទៅ ៥នាក់ ។ លុះដល់ពេលផឹកស៊ីស្រវឹងស្រឿងរាងខ្លួន ហើយក៏មានមិត្តភ័ក្ក្រម្នាក់ឈ្មោះ តូរ៉ា បានមកសូមខ្លីម៉ូតូទៅទិញសាច់ក្លែម ហើយក៏បានជិះម៉ូតូយកទៅបញ្ចាំបានប្រាក់ចំនួន ៩២០ដុល្លារ យកទៅដើរស៊ីចាយអស់ហើយ រួចក៏រត់គេចខ្លួនបាត់រហូត ដោយមិនឃើញយកម៉ូតូមកឲ្យរូបគេវិញ ។ រហូតដល់ល្ងាចកើតហេតុខាងលើរូបគេក៏បានសម្រេចចិត្ត មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលឫស្សីកែវ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ។ ចំណែកឯម៉ូតូដែលមិត្តភ័ក្ក្រខ្ចីយកទៅបញ្ចាំនោះ ម៉ាក ឌុប ពណ៍សលាយខ្មៅ ដែលមានស្លាកលេខ ភ្នំពេញ 1FS-8344 ។

ក្រោយពីរូបគេដាក់ពាក្យបណ្តឹងរួចមក រូបគេពិបាកចិត្តពេកមិនហ៊ានចូលផ្ទះ ព្រោះខ្លាចម្តាយឪពុក ហើយនិងប្រពន្ធស្តីបន្ទោស ក៏បានសម្រេចចិត្តទៅទិញថ្នាំញៀនយកមកជក់ជាមួយមិត្តភ័ក្ក្រពេញមួយយប់ រហូតដល់ព្រឹកឡើងបែកថ្នាំ ដើរឈរអង្គុយយំនៅលើសួនច្បារពុះចែកទ្រូងផ្លូវ ហើយថែមទាំងបំរុងរត់ចូលឡានទៀតផង ។ ក្រោយមក ក៏ត្រូវបានកម្លាំងប្រជាការពារសង្កាត់ឫស្សីកែវ ចូលមកឃាត់ខ្លួន ហើយក៏បញ្ជូនទៅកាន់ប៉ុស្តិ៍ឫស្សីកែវ រួចក៏បានទំនាក់ទំនងទៅមន្ទីរសង្គមកិច្ច ឲ្យមកយកបុរសបែកថ្នាំនេះទៅដាក់នៅទីនោះ ៕

មតិយោបល់