ព័ត៌មានជាតិ

សាហាវមែន! ឆក់កាបូបយកទៅហើយ ជះទឹកអាស៊ីតដាក់មុខគ្នាទៀត

ភ្នំពេញ: ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីនារីម្នាក់ត្រូវបានជនសង្ស័យធ្វើសកម្មភាពឆក់កាបូបបានសម្រេច មិនតែប៉ុណ្ណោះជនសង្ស័យខាងលើនេះបានយកទឹកអាស៊ីតដែលយកមកជាមួយ ជះទៅលើជនរងគ្រោះចំផ្ទៃមុខ បណ្តាលឲ្យរងរបួសរួចគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង១០នាទី យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅម្តុំកន្លែងលក់ទឹកត្នោតជូរ ខាងត្បូងវិហារចាម តាមផ្លូវបេតុង ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសង្សាររបស់នារីរងគ្រោះឈ្មោះ ផន ភឿក អាយុ២៧ មុខធ្វើការនៅកន្លែងហ្គេម ស្នាក់នៅបន្ទប់ជួលម្តុំផ្សាដេប៉ូ បានឲ្យដឹងថា សង្សាររបស់ខ្លួនដែលជាជនរងគ្រោះខាងលើនេះមានឈ្មោះ ស៊ន ចាន់ទី អាយុ២៣ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម។ ប្រភពបន្តថា ចំពោះសម្ភារ:បាត់បង់រួមមាន លុយជាង៤០០ដុល្លារ ខ្សែកអ៊ីតាលីទិញជាង៦០០ដុល្លារ។

ប្រភពព័ត៌មានដដែលបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានចេញពីធ្វើការដូចសព្វដង ដោយបានជិះកង់មួយគ្រឿង ក្នុងគោលបំណងទៅរៀនអ៊ុតសក់ ខណ:មកដល់ចំណុចកើតហេតុម្តុំលក់ទឹកត្នោតជូរក្បែរវិហារចាម ស្រាប់តែមានជនសង្ស័យម្នាក់ បានរត់មកធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ជនរងគ្រោះ មិនតែប៉ុណ្ណោះ ជនសង្ស័យខាងលើបានជះទឹកអាស៊ីត ទៅលើមុខជនរងគ្រោះបន្ថែមទៀត បណ្តាលឲ្យរងរបួស ភ្លាមៗក៏មានប្រជាពលរដ្ធមកជួយ និងបានទូរសព្ទហៅសង្សារពីកន្លែងធ្វើការនៅភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប មកជួយមើលនិងបានឡើងជិះរថយន្តជាមួយបុរសជាសង្សារ មកព្យាបាលនៅពេទ្យលោកសង្ឃតែម្តង។

បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ ដោយមានសមត្ថកិច្ចបានទៅធ្វើការសាកសួរ ដើម្បីធ្វើកំណត់ហេតុ ស្រាវជ្រាវរកជនដៃដល់យកមកផ្តន្ទាទោសតាមនីតិវិធីច្បាប់៕

មតិយោបល់