ភ្នំពេញៈ បើយោងតាមការបញ្ជាក់របស់លោក ឡុង ស៊ីថា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំ បានប្រាប់Post News ថានៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះថា អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងបាន ទទួលពាក្យបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះ ដែលត្រូវមន្ត្រីយោធាឈ្មោះ ហែម សទ្ធា ភេទប្រុស មានតួនាទី ជាជំនួយការសុខាភិបាល នៅកងពលអន្តរាគមន៍លេខ១ លង្វែក បាញ់សម្លាប់ និងរងរបួសធ្ងន់នោះហើយ។
លោកបន្ថែមថា ស្ថាប័នអយ្យការទើបតែបានទទួលពាក្យបណ្ដឹងនោះកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧កន្លងទៅ ដូច្នេះសំណុំរឿងនេះ ស្ថិតក្រោមចំណាត់ការរបស់លោក គឹម សំលេង ដែលជាតំណាងអយ្យការ ហើយចំពោះចំណាត់ការបន្តទៀតយ៉ាងណានោះលោកក៏នៅមិនទាន់ដឹងដែរ។
ទោះជាយ៉ាងណា ក្រុមគ្រួសាររបស់ជនរងគ្រោះឈ្មោះ សោម វណ្ណា ភេទប្រុស អាយុ ១៨ឆ្នាំ ត្រូវជនសង្ស័យបាញ់ធ្លាយពោះស្លាប់ និងជនរងគ្រោះស្ត្រីម្នាក់ឈ្មោះ តុល យាន ត្រូវចំនួន ២គ្រាប់រងរបួសធ្ងន់ បានអំពាវនាវរកយុត្តិធម៌ ដោយពួកគាត់យល់ថា សំណុំរឿងនេះហាក់បន្លាយពេលយូរ និងសមត្ថកិច្ចមិនទាន់ឃាត់ខ្លួនជនសង្ស័យបាន ស្របពេលដែលមានព័ត៌មានចរចាមអារាមថា ជនសង្ស័យឈ្មោះ ហែម សទ្ធា កំពុងតែចំណាយលុយរាប់ម៉ឺនដុល្លារដើម្បីឲ្យសមត្ថកិច្ចសម្រួលសំណុំរឿងនេះ ឲ្យរីបគេជាជនសង្ស័យបានរួចខ្លួន។
ពាក់ព័ន្ធករណីនេះលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងប្រាប់តាមបណ្ដាញទំនាក់ទំនងសង្គម Telegram ថា «ចំពោះករណីនេះគឺកំពុងស្ថិតក្នុងចំណាត់ការរបស់អយ្យការ ហើយចំណាត់ការនីតិវិធីបន្តទៀតនោះគឺអាស្រ័យលើស្ថាប័នអយ្យការនិងតុលាការ។ ក្រសួងនឹងធ្វើការត្រួតពិនិត្យនិងស្រាយជ្រាវបន្ថែម លុះត្រាតែរកឃើញថាមានភាពមិនប្រក្រតីតែប៉ុណ្ណោះ»។
គួររំលឹកថា មានករណីឃាតកម្មដោយប្រើប្រាស់អាវុធ AK មួយបានកើតឡើងនៅភូមិអន្លុងត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច កាលពីអាធ្រាត្រថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ កន្លងទៅ ដោយមានជនរងគ្រោះឈ្មោះ សោម វណ្ណា ភេទប្រុស អាយុ ១៨ឆ្នាំ ត្រូវជនសង្ស័យបាញ់ធ្លាយពោះស្លាប់ និងជនរងគ្រោះស្ត្រីម្នាក់ឈ្មោះ តុល យាន ត្រូវចំនួន ២គ្រាប់រងរបួសធ្ងន់។
ករណីឃាតកម្មនេះត្រូវសមត្ថកិច្ចអះអាងថា បានផ្តើមចេញពីជម្លោះពាក្យសម្តីរវាងក្រុមជនរងគ្រោះ ដែលបានផឹកស៊ីឡូឡាកណ្ដាលអាធ្រាត្ររំខានដល់អ្នកជិតខាង ពេលនោះជនសង្ស័យក៏បានមកប្រាប់កុំឲ្យមាត់ឮពេក ក៏មានបញ្ហារហូតឈានដល់បាញ់សម្លាប់គ្នាតែម្តងទៅ។
ក្រោយកើតហេតុ ជនសង្ស័យឈ្មោះ ហែម សទ្ធា ភេទប្រុស មានតួនាទី ជំនួយការសុខាភិបាល នៅកងពលអន្តរាគមន៍លេខ១ លង្វែក បានរត់គេចខ្លួន។
បច្ចុប្បន្នក្រុមគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅអយ្យការអមតុលាការខេត្តកំពង់ឆ្នាំរួចហើយ និងបានអំពាវនាវស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ព្រោះតែសំណុំរឿងនេះបានកើតឡើងជាង១០ថ្ងៃហើយ ប៉ុន្តែនៅមិនទាន់មានពន្លឺអ្វីនៅឡើយទេ៕
មតិយោបល់