ព័ត៌មានជាតិ

នគរបាលប៉ុស្តិ៍គគីរម្នាក់ កំពុងសម្រួលចរាចរណ៍ត្រូវសន្តិសុខមន្ទីរពេទ្យជោរីភ្នំពេញ ជិះម៉ូតូបុកពេញទំហឹង

កណ្តាលៈ នគរបាលប៉ុស្តិ៍គគីរម្នាក់ កំពុងសម្រួលចរាចរណ៍កន្លែងកើតហេតុដែលមានករណីគ្រោះថ្នាក់ចរាចរណ៍ ស្រាប់តែមានម៉ូតូមួយគ្រឿងបុកលឿនមកបុកពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទី យប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចន្លោះគីឡូម៉ែត្រ១៧ -១៨ ភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។

ជនរងគ្រោះដែលត្រូវម៉ូតូបុកខាងលើនេះ មានឈ្មោះ សេង សាវុន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ស្នាក់នៅភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។

មុនពេលកើតហេតុ ពេលដែលលោកព្រិន្ទបាលទោ សេង សាវុន មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ កំពុងធ្វើចរាចរណ៍ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដកង់តឺន័របុកម៉ូតូ បណ្ដាលឲ្យមានមនុស្សស្លាប់នៅចំណុចកើតហេតុខាងលើ ខណៈនោះស្រាប់តែឈ្មោះ ម៉ន ម៉ាង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរសន្តិសុខមន្ទីរពេទ្យជោរីភ្នំពេញ ស្នាក់នៅភូមិកោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល បានជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GH-7979 បើកបរក្នុងទិសដៅអ្នកលឿងភ្នំពេញ មកបុកលោកព្រិន្ទបាលទោ សេង សាវុន ពេញទំហឹងបណ្ដាលឲ្យលោកព្រិន្ទបាលទោ សេង សាវុន ដួលរងរបួសត្រង់ជើង និងក្បាល។

បច្ចុប្បន្នលោកព្រិន្ទបាលទោ សេង សាវុន ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យកាល់ម៉ែត ភ្នំពេញ ។ចំណែកម្ចាស់ម៉ូតូម៉ាកPCX ពណ៌ស ក្រោយបុកកម្លាំងសមត្ថកិច្ចរួច រួចក៏បើកម៉ូតូរត់គេចខ្លួន តែត្រូវកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលគគីរ ដេញតាមឃាត់ខ្លួនបាននាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរដើម្បីសួរនាំតែម្តង៕

មតិយោបល់