ភ្នំពេញៈ ក្រុមចោរមានគ្នាបួននាក់ បានជិះម៉ូតូដេញតាមវាយប្លន់ម៉ូតូពីសង្សារមួយគូរ កាលពីវេលាម៉ោង៣និង១០នាទីយប់ទៀបភ្លឺថ្ងៃទី១៣ឧសភា២០១៦ ត្រង់ចំណុចជិតខារ៉ាអូខេអង្គសំរិទ្ធ ស្ថិតតាមបណ្ដោយផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក តែមិនសម្រេច ព្រោះបានប្រជាពលរដ្ឋនោះជួយទាន់ពេលវេលា។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ប្រុសនិងស្រីបានជិះម៉ូតូឌុបគ្នាម៉ាក ស្កូបពីសេរី ឆ្នាំ២០១៣ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1BV 1759 បានជិះធ្វើដំណើរ តាមបណ្តោយផ្លូវលេខ ១៨២ ក្នុងទិសដៅពីកើតទៅលិចស្រាប់តែភ្លាមៗ ក៏លេចម៉ូតូជនសង្ស័យ ២គ្រឿង ត្រូវគេស្គាល់ថា ម៉ាកឡែត ពណ៌ស និងម៉ាកស្កូពពីពណ៌ស ដូចគ្នា តែមិនស្គាល់ស្លាកលេខ បានជិះដេញតាមវាយជនរងគ្រោះ ដោយក្នុងដៃជនសង្ស័យនោះប្រដាប់ដោយដំបងមួយដើម បំរុងប្លន់យកម៉ូតូតែមិនបានសម្រេច ព្រោះដោយសារជនរងគ្រោះជិះចូលទៅកន្លែងមានមនុស្សច្រើនសុំឲ្យគេជួយ ទាន់ពេលវេលា កុំអីប្រហែលត្រូវក្រុមចោរប្លន់ ធ្វើសកម្មភាពបានសម្រេចទៀតហើយ។
បន្ទាប់ពីកើតហេតុភ្លាមៗ ជនសង្ស័យជាចោរប្លន់បានបោះចោលដំបង ហើយក៏ឡើងជិះម៉ូតូជាមួយបក្ខពួក គេចខ្លួនបាត់ដោយសុវត្ថិភាព ។
ជនរងគ្រោះជានារី ដែលរងរបួសក្បាលជង្គង់ ក៏បុរសរងគ្រោះដឹកយកទៅមន្ទីរពេទ្យដើម្បីព្យាបាល ដោយពួកគេមិនបានទៅដាក់ពាក្យបណ្ដឹងអ្វីនោះឡើយ។
ក្រោយកើតហេតុជាង១៥នាទី ក៏ឃើញកម្លាំងសមត្ថកិច្ចមកដល់កន្លែងកើតហេតុ បានត្រឹមសាកសួរព័ត៌មានប៉ុណ្ណោះ ។ ប្រជាពលរដ្ឋលេបខាយថា បើយើងរងចាំសតមត្ថកិច្ចមកការពារប្រហែលជាមិនអាចទេមើលទៅ ព្រោះកើតហេតុហើយជនល្មើសក៏ទៅបាត់ ជនរងគ្រោះក៏ទៅបាត់ ចឹងគួរតែប្រុងប្រយត្ន័ដោយខ្លួនឯងទើបជាការប្រសើរ៕
មតិយោបល់