កំពង់ធំ: សពក្មេងប្រុស៤នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់នៅក្នុងទឹកស្រះក្នុងភូមិ ធ្វើអោយមានការភ្ញាក់ផ្អើលពេញភូមិចុងដូង សង្ស័យលង់ទឹកស្លាប់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៧ នៅភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
លោកមេប៉ុស្តិ៍ឃុំចុងដូង បានប្រាប់ Post News ថាពិតជាមានករណីក្មេង៤នាក់លង់ទឹកស្រះស្លាប់ នៅក្នុងភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ពិតប្រាកដមែន ។ ដែលក្មេងទាំងនោះ ទី១ មានឈ្មោះ វ៉ា រ៉េត ភេទប្រុស អាយុ៤ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ មានឪពុកឈ្មោះ ជុំ ជវ៉ា និងម្តាយឈ្មោះ ហៀងថា, ទី២ មានឈ្មោះ មាន ម៉ន ភេទប្រុស អាយុ៤ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ មានឪពុកឈ្មោះ ហ៊ែល និងម្តាយឈ្មោះ ម៉ាន់ អាន, ទី៣ មានឈ្មោះ ម៉ាន ផៃ ភេទប្រុស អាយុ៤ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ មានឪពុកឈ្មោះ បូរ៉ា និងម្តាយឈ្មោះ មាន អាន, ទី៤ មានឈ្មោះ ហ៊ែល រ៉ាវី ភេទប្រុស អាយុ៦ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ មានឪពុកឈ្មោះ បុិច ជា និងម្តាយឈ្មោះ ស៊ូ រៀម ។
តាមប្រភពដដែលបានអោយដឹងថា ឪពុកម្តាយនិងជីដូនបានប្រាប់លោកមេប៉ុស្តិ៍ឃុំចុងដូងថា ក្មេងទាំង៤បានបាត់ពីផ្ទះប្រហែលម៉ោង១២ថ្ងៃត្រង់ សង្ស័យតាមឪពុកម្តាយទៅចំការឪឡឹក រហូតដល់ម៉ោង៥និង៣០នាទីល្ងាចទើបឈ្មោះ យន់ ហ័រ ភេទប្រុស អាយុ១២ឆ្នាំ បានដើររកតាមផ្ទះអ្នកជិតខាងតែរកមិនឃើញ ទើបដើររកតាមទឹកស្រះក៏បានរកឃើញសពក្មេងប្រុសទាំង៤អណ្តែតនៅក្នុងទឹកស្រះរបស់ឈ្មោះ ប៊ុយ ក៏ធ្វើអោយមានការភ្ញាក់ផ្អើលពេញភូមិតែម្តង ។
បច្ចុប្បន្នក្រោយពីសមត្ថកិច្ចចុះត្រួតពិនិត្យនិងធ្វើកោសលវិច័យឃើញថាពិតជាស្លាប់ដោយសារលង់ទឹកស្រះពិតមែន សមត្ថកិច្ចបានប្រគល់សាកសពក្មេងប្រុសទាំង៤ឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់