កណ្តាលៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីផ្ទះមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ រហូតបណ្តាលឲ្យមនុស្សម្នាក់ ត្រូវអណ្តាតភ្លើងឆក់យកជីវិតទៅបាត់ យ៉ាងអាណោចអាធ័មក្នុងភ្នក់ភ្លើង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះលក់កង់ ក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះកើតហេតុខាងលើនេះ មានឈ្មោះ ចាំង យ៉ាំងទៀងភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិវៀតណាម បានជួលផ្ទះសម្រាប់លក់ដូរ ពីឈ្មោះសៅ ពោន ដែលជាមន្ត្រីការពារព្រំដែន ។
ចំណែកជនរងគ្រោះដែលត្រូវភ្លើងឆេះស្លាប់ខាងលើនេះ មានឈ្មោះ ទិន ថាន់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករ មានទីលំនៅភូតឹង ប្រទេសវៀតណាម។
មុននឹងហេតុការណ៍នេះកើតឡើង ឈ្មោះ ជុង ផាងវិន និងជនរងគ្រោះ ឈ្មោះ ទិន ថាន់ បានដេកនៅក្នុងផ្ទះលក់កង់ខាងលើនេះ លុះដល់ម៉ោងប្រហែល២រំលងអធ្រាត្រ ឈ្មោះ ជុង ផាងវិន បានក្រោកឡើងបត់ជើង ក៏ស្រាប់តែឃើញភ្លើងឆេះនៅកន្លែងព្រីភ្លើង ភ្លាមនោះឈ្មោះ ជុង ផាងវិន ក៏បានយកទឹកទៅជះពន្លត់ ប៉ុន្តែភ្លើងរឹតតែឆាបឆេះខ្លាំងទៅៗ ពេលនោះឈ្មោះ ជុង ផាងវិន ក៏រត់ទៅជួយជនរងគ្រោះឈ្មោះ ទិន ថាន់ តែដោយសារភ្លើងឆាបឆេះខ្លាំងពេក ឈ្មោះ ជុង ផាងវិន ក៏បានរត់ចេញមកមុខផ្ទះវិញ ភ្លាមៗនោះដែរត្រូវបាននគរបាលការពារព្រំដែន និងប្រជាជនជិត ខាងនាំគ្នាជួយពន្លត់អស់រយៈពេលប្រហែល២ម៉ោង ទើបរលត់អស់ និងបណ្តាលឲ្យឆេះអស់ផ្ទះទាំងស្រុង និងបំផ្លាញកង់អស់ជាច្រើនគ្រឿង រួមទាំងស្លាប់មនុស្សម្នាក់ នៅក្នុងភ្លើងផងដែរ៕
មតិយោបល់