ព័ត៌មានជាតិ

Update: ឆ្នោតកន្ទុយលេខ នៅតែបន្តរកត់លួចលាក់ នៅក្នុងផ្សារកាច់ជ្រុងក្រុងតាខ្មៅ គ្មានញញើតសមត្ថកិច្ច

កណ្តាល: ល្បែងឆ្នោតកន្ទុយលេខជាច្រើនកន្លែង ក្នុងផ្សារកាច់ជ្រុង កំពុងបើកបម្រើការកត់យ៉ាងរលូន គ្មានញញើតសមត្ថកិច្ចសោះ ទាំងនគរបាល និងអាវុធហត្ថ អត់ឃើញបង្ក្រាប។

ល្បែងឆ្នោតកត់កន្ទុយលេខ កត់យ៉ាងរលូននេះគឺនៅក្នុងផ្សារកាច់ជ្រុង ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ភ្នាក់ងារ Post News ប្រចាំខេត្តកណ្តាល បានសម្ភាសន៍ ទៅលោកវរសេនីយ៍ ស៊ឹម ប៊ុតបណ្ឌឹត អធិការក្រុងតាខ្មៅ តាមប្រពន្ធ័ What’s App លោកឆ្លើយតបកាលពីល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ថា យើងមិនបណ្តោយឲ្យល្បែងខុសច្បាប់វាធ្វើអ្វីបានតាមចិត្តទេ ចាប់ពីថ្ងៃច័ន្ទទៅ យើងនឹងដាក់កម្លាំងតាមឃ្លាំមើលបង្ក្រាប ព្រោះជិតដល់បុណ្យចូលឆ្នាំហើយ។

ភ្នាក់ងារ Post News បានសម្ភាសន៍ទៅលោក ហេង ធៀម អភិបាលក្រុងតាខ្មៅ លោកបានឆ្លើយតបថា ខ្ញុំបានប្រគល់ភារកិច្ចជូន អធិការដ្ឋាននគរបាល និងកងរាជអាវុធហត្ថក្រុង ពិនិត្យដើម្បីចាត់ការតាមនីតិវិធីហើយ។

សូមរំលឹកថា អ្នកញៀនល្បែងឆ្នោតកន្ទុយលេខ បាននិយាយថា នៅក្នុងផ្សារកាច់ជ្រុង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ មានអ្នកកត់ឆ្នោតកន្ទុយ លេខជាច្រើនកន្លែងកំពុងបើកកត់ និងប្រមូល ដោយខ្លួនឯង ខ្លះស៊ីសងតាមម៉ាស៊ីនហ្វាក់ ក្នុង១ថ្ងៃៗចាញ់ឈ្នះរាប់លានរៀល ហើយគេមានកូនកញ្ច្រែងដើរ កត់តាមផ្ទះតាមភូមិ និងតាមផ្សាររោងចក្រមួយចំនួនផង។

ក្រុមអ្នកញៀនល្បែងទាំងនោះបានបន្តថា ការមកលេងឆ្នោតកន្ទុយលេខនៅផ្សារកាច់ជ្រុង គឺមានភាពងាយស្រួលដោយអ្នកកត់ទាំងនោះ គេកត់ស៊ីសងដោយផ្ទាល់ខ្លួនគេតែម្តង មិនធ្វើឲ្យអ្នកលេងពិបាកក្នុងការបើកលុយនោះទេ ម្យ៉ាងវិញទៀតទៅលេងទីនោះវាមានសុវត្ថិភាពគ្រប់គ្រាន់ មិនភ័យព្រួយខ្វល់ពីការដេញរបស់សមត្ថកិច្ចទេ។

អ្នកកត់ឆ្នោតកន្ទុយលេខម្នាក់ នៅក្នុងផ្សារកាច់ជ្រុងបាននិយាយប្រាប់អ្នកយកព័ត៌មានយើងថា នៅក្នុងផ្សារកាច់ជ្រុងហៅថាផ្សាររោងចក្រនេះ គឺមានអ្នកកត់ច្រើនដោយអង្គុយចាំកត់ដូចអង្គុយលក់ត្រី ដោយភាគច្រើនគេស៊ីសងដោយខ្លួនឯង មិនបញ្ជូនទៅមេធំនោះទេ ដោយម្នាក់ក្នុង១ថ្ងៃគេប្រមូលនិងកត់បានចាប់ពី៥លានរៀល ទៅជាង១០លានរៀល។

បើយោងតាមប្រសាសន៍របស់លោក ម៉ៅ ភិរុណ អភិបាលនៃគណអភិបាលខេត្តកណ្តាល នៅក្នុងកិច្ចប្រជុំនាពេលកន្លងទៅនោះថា ល្បែងឆ្នោតកន្ទុយលេខ នៅក្រុងតាខ្មៅច្រើនហើយនៅពេលលោកឡើងកាន់តំណែង ជាអភិបាលខេត្តនោះ លោកធ្លាប់កោះ ហៅអ្នកកត់ឆ្នោតកន្ទុយលេខអស់នោះមកធ្វើការណែនាំ ប៉ុន្តែអ្នកកត់ឆ្នោតទាំងហាក់បីដូចជាសប្បាយចិត្ត ពេលជួបមុខអភិបាលខេត្តដោយមិនមានភាពតក់ស្លុតអ្វី ខណ:ពួកគាត់កំពុងប្រកបរបរខុសច្បាប់នោះ បែរជាពោលថា ពួកគាត់ស៊ាំអស់ហើយ ដោយសារសមត្ថកិច្ចចាប់ពួកគាត់ ញឹកញាប់ហើយ។

នៅក្នុងកិច្ចប្រជុំលោក អភិបាលបានសង្កត់ធ្ងន់ទៅលើល្បែងស៊ីសងនេះ និងឲ្យអាជ្ញាធរថ្នាក់ក្រោម នគរបាល ឬកងរាជអាវុធហត្ថត្រូវរឹតបន្តឹងចំពោះល្បែងស៊ីសងនេះ ដើម្បីអនុវត្តន៍តាមគោលនយោបាយភូមិឃុំ មានសុវត្ថិភាពទាំង៩ចំណុច៕

មតិយោបល់