ភ្នំពេញ: ដើម្បីបិតបញ្ចប់នូវរឿងចម្រូងចម្រាស់ ដែលបានផ្ទុះឡើងរវាងតារាសិល្បៈរៀមច្បង និងដេនីក្វាន់ តារាសម្ដែងនាង ដេនីក្វាន់ ខ្លួនឯងបានប្រកាសដោយផ្ទាល់មាត់ថា នាងសុខចិត្តសុំទោសជាសាធារណៈពាក់ព័ន្ធ និងការស្លៀកពាក់ហួសហេតុរបស់នាង។
មហាជន និងតារាសិល្បៈជាច្រើន កំពុងទន្ទឹងចាំមើលនូវសារសុំទោសរបស់នាង ថានឹងមានការទទួលខុសត្រូវកម្រិតណា ដើម្បីឈានទៅសម្រេចចិត្តថាត្រូវធ្វើចំណាត់ការយ៉ាងណាទៀត ដើម្បីបញ្ចប់រឿងរ៉ាវដែលបានកើតឡើង។
ពេញមួយថ្ងៃទី១២ ឧសភា គេឃើញតារាសិល្បៈជាច្រើន បានស្រែកប្រកូកប្រកាសនៅលើគណនេយ្យហ្វេសប៊ុករៀងខ្លួន សុំឲ្យមានចំណាត់ការលើតារាសម្ដែងនាងដេនីក្វាន់។ ម្នាក់ៗបានបង្ហាញជំហរគាំទ្រឲ្យមានការប្រកាសដកឈ្មោះនាង ចេញពីពិភពសិល្បៈ ដើម្បីកុំឲ្យមានការបន្តខូចឈ្មោះតារាសិល្បៈ ព្រោះតែភាពស៊ិចស៊ីហួសហេតុរបស់នាងនោះផង។
អ្នកខ្លះបានប្រកាសថាតារាសិល្បៈ ប្រុងលើកបដានៅមុខក្រសួងវប្បធម៌ អ្នកខ្លះបានប្រកាសថា ដេនីក្វាន់ ជានារីដែលត្រូវតែលុបចេញឲ្យបានដាច់ខាត ពីបញ្ជីអ្នកសិល្បៈ និងអ្នកខ្លះថានឹងមានសន្និសីទធំមួយ កើតឡើងដើម្បីប្រមូលសំឡេង ស្នើឲ្យក្រសួងដកឈ្មោះនាងចេញ។ បន្ទាប់ពីការផ្ទុះឡើងនូវភាពចម្រូងចម្រាស់នេះ ដេនី ក្វាន់ បានប្រកាសថានាង នឹងសុំទោសជាសាធារណៈចំពោះការស្លៀកពាក់មិនសមទំនងរបស់ខ្លួន ប៉ុន្តែគេមិនទាន់ឃើញនាងបង្ហោះសារសុំទោសណាមួយ ដូចអ្វីដែលបានលើកឡើងឡើយ។
តារាសិល្បៈម្នាក់បានអះអាងថា ពួកខ្លួនកំពុងចាំមើលថា ការសុំទោសរបស់ ដេនីក្វាន់ មានន័យដូចម្ដេច និងមានការទទួលខុសត្រូវដូចម្ដេច។ ក្នុងករណីដែលការសុំទោសរបស់នាង មិនមានខ្លឹមសារទទួលខុសត្រូវចំពោះកំហុសឆ្គងរបស់ខ្លួនពាក់ព័ន្ធ និងការបង្កជម្លោះជាមួយតារាសិល្បៈរៀមច្បងនោះ នោះតារាទាំងអស់ក៏មិនសុខចិត្តដែរ។
លោកថា ដេនី ក្វាន់ ជាអ្នកផ្ដើមបង្ហោះភាពស៊ិចស៊ី ធ្វើឲ្យមានការចលាចលនៅក្នុងសង្គមសិល្បៈ ហើយដល់ពេលមានការរិះគន់ ក៏មានការជេរប្រមាថមកលើតារារៀមច្បង ដូចជាបានដៀមដាមដល់តារាចម្រៀង ម៉េង កែវពេជ្ជតាជាដើម។ យ៉ាងណាក៏ដោយលោកថា តារាសិល្បៈមិនចង់បានអ្វីក្រៅពីការទទួលខុសត្រូវ របស់នាងចំពោះអ្វីដែលបានបង្កឡើងនោះទេ។
ដេនីក្វាន់ បានថ្លែងប្រាប់ថា រឿងការស្លៀកពាក់ហួសហេតុ នាងនឹងធ្វើការសុំទោស ប៉ុន្តែមកពីនាងស្ថិតនៅខេត្តនៅឡើយ ទើបមិនទាន់បានផុសនៅការទទួលស្គាល់ទាំងនោះជាសាធារណៈ។ ក្រុមតារាសិល្បៈអះអាង ពីចាំមើលខ្លឹមសារសុំទោសរបស់នាងនៅថ្ងៃទី១៣ ឧសភានេះ ដើម្បីប្រាកដថាបន្តផែនការធ្វើសន្និសីទកាសែត ឬបញ្ចប់ត្រឹមហ្នឹង៕
មតិយោបល់