ក្រចេះក្រុមចោរប្លន់មានគ្នា២នាក់ ប្រដាប់ដោយអាវុធខ្លី ជិះម៉ូតូ១គ្រឿង តាមពីក្រោយរថយន្ត បុរសម្នាក់រកស៊ីវេលុយ ហើយបានធ្វើសកម្មភាពប្លន់ ខណៈជនរងគ្រោះបានចុះពីឡាន បម្រុងដើរចូលផ្ទះ នៅល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ នៅមុខផ្ទះជនរងគ្រោះ នៅសង្កាត់អូរឫស្សី ក្រុងក្រចេះ ព្រមទាំងវាយក្បាល របួសធ្ងន់ធ្ងរទៀតផង ។
អធិការនគរបាលក្រុងក្រចេះ លោក នេត នីន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ូ ដាណេ អាយុ៣៤ឆ្នាំ មុខរបរជាអ្នករកស៊ី ផ្ទេរប្រាក់នៅផ្សារក្រចេះ បានរងរបួសក្បាលធ្ងន់ធ្ងរ ដោយត្រូវជនមិនស្គាល់មុខស្ទាក់ភ្ជង់ និងវាយក្បាលជនរងគ្រោះ នឹងបានយកកាបូបពីជនរងគ្រោះ រួចជិះម៉ូតូគិចខ្លួនបាត់ ។
លោកអធិការបានបន្តថា ជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូហុងដា ឌ្រីម១គ្រឿង ប្រដាប់ដោយអាវុធខ្លី១ដើម បានជិះម៉ូតូតាមពីក្រោយរថយន្តរបស់ជនរងគ្រោះ ដែលជិះ២នាក់ប្តីប្រពន្ឋត្រឡប់មកពីផ្សារ ពេលនៅមុខផ្ទះបម្រុងចូលផ្ទះ ជនសង្ស័យម្នាក់ប្រដាប់ ដោយអាវុធខ្លីបានស្ទុះចុះលើម៉ូតូ ភ្ជង់គំរាមកុំឲ្យស្រែក និងបានវាយជនរងគ្រោះនឹងស្នាប់ កាំភ្លើងចំក្បាល រួចកញ្ឆក់យកការបូបសម្ភារៈជិះគេចខ្លួនបាត់
យ៉ាងណាក៏ដោយ ករណីប្លន់ប្រដាប់អាវុធនេះ ក្រុមជនល្មើស មិនបានផ្ទុះអាវុធបង្កឲ្យភ្ញាក់ផ្អើល ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ចំណែកសម្ភារៈជនរងគ្រោះ ក៏មិនបានបាត់បង់អ្វីធ្ងន់ធ្ងរដែរ ដោយនៅក្នុងកាបូប ដែលក្រុមចោរឆក់យកនៅ រួមមានទូរស័ព្ទ និងម៉ាស៊ីនសម្រាប់ផ្ទេរប្រាក់តែប៉ុណ្ណោះ ។
នគរបាល បានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះទៅដល់ទីតាំងកើតហេតុ នឹងបានសាកសួរជនរងគ្រោះ ក៏ដូចជាសាក្សីនៅកន្លែងកើតហេតុ ហើយរហូតមកដល់ពេលនេះ កម្លាងជំនាញបានកំណត់ មុខសញ្ញាក្រុមជនសង្ស័យត្រួសៗហើយដែរ ៕




មតិយោបល់