ព័ត៌មានជាតិ

គេចពីគេដេញកាប់ ជ្រុលទៅបុកដើមឈើពេញទំហឹង ស្លាប់ម្នាក់ក្នុងថ្លុកឈាម របួសធ្ងន់ស្រាល២នាក់

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីក្រុមក្មេងទំនើង បានជិះម៉ូតូដេញវាយនិងកាប់គ្នាពេញដងផ្លូវយ៉ាងអាណាធិបតេយ្យ រហូតជ្រុលចង្កូតទៅបុកដើមឈើពេញទំហឹង ផ្លោងយុវជនម្នាក់ស្លាប់នៅនឹងកន្លែង និង២នាក់ទៀតរងរបួសធ្ងន់ស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទី យប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ជិតធនាគារអេស៊ីលីដា តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីមិត្តភក្តិរបស់អ្នកស្លាប់ បានប្រាប់Post Newsថា មុនពេលកើតហេតុ ពួកគេបានជិះម៉ូតូមកពីស្ទឹងមានជ័យ ដែលមានម៉ូតូ៤គ្រឿង លុះមកដល់ជិតសណ្ឋាគារ អ៊ីនធើខន ស្រាប់តែមានក្មេងស្ទាវមួយក្រុម មានគ្នា៧ទៅ៨ម៉ូតូ បានស្រែកថា ហ្នឹងហើយ! រួចក៏ដេញវាយនិងកាប់ ធ្វើឲ្យពួកគេភ័យ ក៏បើកម៉ូតូរត់គេចខ្លួន លុះមកដល់ចំណុចមុខធនាគារ អេស៊ីលីដា ដោយឃើញក្រុមក្មេងម្ខាងទៀត យៀរដាវកាប់សំដៅក្បាល ក៏ខំបន្ថែមល្បឿន និងគេចទៅចិញ្ចើមថ្នល់ ទើបជ្រុលទៅបុកជាមួយគល់ឈើ ទើបបណ្តាលឲ្យមានអ្នកស្លាប់និងរបួសធ្ងន់ស្រាលបែបនេះ ។ ចំណែកក្រុមម្ខាងទៀត បានជិះម៉ូតូគេចបាត់អស់តែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើការសាកសួរ និងធ្វើកំណត់ហេតុ រួចបានប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី នៅឯបុរីសន្តិភាព២ ផ្លូវជាតិលេខ៣៕

មតិយោបល់