ភ្នំពេញៈ កម្លាំងជំនាញនគរបាលខណ្ឌ សហការជាមួយនគរបាលប៉ុស្តិ៍ចោមចៅ ធ្វើការបង្ក្រាបករណីជួញដូរសារធាតុញៀន ដោយឃាត់បានជនសង្ស័យចំនួន៣នាក់ ដកហូតថ្នាំញៀនម៉ាទឹកកកចំនួន១កញ្ចប់ធំ ៣កញ្ចប់តូច។
ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលលេខ៥៣A ជាន់ទី១ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំង៣នាក់ ទី១ឈ្មោះ បិត សេដ្ឋា អាយុ២៨ឆ្នាំ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ (ជាម្ចាស់បន្ទប់),ទី២ឈ្មោះ ភន សុផល អាយុ២២មុខរបរ និស្សិតអគ្គិសនី ស្នាក់ភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ និងទី៣ឈ្មោះ លឹម ឡុង អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ មុខរបរមើលការផ្ទះជួល។
សមត្ថកិច្ចបានបន្តទៀតថា ដោយមានការសហការជាមួយប្រជាពលរដ្ឋក្នុងមូលដ្ធានបានរាយការណ៍ថា មានករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅចំណុចកើតហេតុខាងលើ ទើបលើក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាកម្លាំងឲ្យស្រាវជ្រាវរហូតចុះទៅបង្ក្រាបជាក់ស្តែងតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមនិងវត្ថុតាង កំពុងសាកសួរនិងឃុំខ្លួនបណ្តោះអាសន្ននៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចាត់ការតាមផ្លូវច្បាប់៕
https://youtu.be/mXFfEzWt3i4
មតិយោបល់