ព័ត៌មានជាតិ

មន្រី្តនគរបាលនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្វាយ ពិសិដ្ឋិ បាញ់ផ្អើលយប់មិញ

ភ្នំពេញៈ មន្ត្រីនគរបាលនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មម្នាក់ មានជម្លោះជាមួយប្រពន្ធរបស់ខ្លួន បានទាញកាំភ្លើងម៉ាកAK ស្វ័យបត់មួយដើមបាញ់ឡើងលើជាច្រើនគ្រាប់ រួចឡើងជិះរថយន្តគេចខ្លួនបាត់ស្រមោល និងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅច្បារអំពៅ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ នៅចំណុចខាងមុខផ្ទះលេខ ២៦៤ ក្នុងបុរីសម្បត្តិមានហេង៣ ភូមិតាងៅក្រោម ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានឲ្យដឹងថា បុរសជនដៃដល់មានឈ្មោះ ស្វាយ ពិសិដ្ឋ អាយុ៣៤ឆ្នាំ មុខរបរ ជាមន្ត្រីនគរបាលនាយកដ្ឋានស្ថិតិគ្រប់គ្រងប្រជាពលលរដ្ឋ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្នាក់នៅផ្ទះលេខ ២៦៤ ផ្លូវលេខ ២០៣ បុរីសម្បត្តិមានហេង៣ ក្រុមទី១ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

មុនពេលកើតហេតុ មន្ត្រីនគរបាលខាងលើបានហៅមិត្តភក្តិចំនួន២នាក់ទៀត មកផឹកស៊ីនៅផ្ទះរបស់ខ្លួនអស់ស្រាបៀរចំនួន១កេះ រួចក៏នាំគ្នាឡើងជិះរថយន្តម៉ាកហាយឡែនឌ័រ ព៌ណស ពាក់ស្លាកលេខ នគរបាល មិនចាំស្លាកលេខមួយគ្រឿងចេញទៅក្រៅបាត់។

ប្រភពដដែលបានបន្តទៀតថា ក្រោយមកក៏បានឃើញមន្ត្រីនគរបាលលម្នាក់នោះ ជិះត្រឡប់មកផ្ទះវិញតែម្នាក់ឯង ខណៈដែលស្រ្តីជាប្រពន្ធកំពុងតែនៅច្រៀងខារ៉ាអូខេនៅផ្ទះរបស់អ្នកជិតខាង ហើយក៏បាននាំគ្នារត់មកហៅឲ្យទៅច្រៀងខារ៉ាអូខេជាមួយនិងគេដែរ ក៏ស្រាប់តែមានជម្លោះជាមួយប្រពន្ធមិនដឹងថាមូលហេតុអ្វីកើតឡើង និងទាញកាំភ្លើងម៉ាកAK មកបាញ់ឡើងលើអស់ជាច្រើនគ្រាប់ ។ រួចឡើងជិះរថយន្តគេចខ្លួនបាត់ទៅ និងបង្កឲ្យមានការភ្ញាក់់ផ្អើលកើតឡើងយ៉ាងខ្លាំង។

ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចជាច្រើននាក់បានចុះទៅដល់ផ្ទះកើតហេតុខាងលើ ដោយបានរកឃើញសំបកគ្រាប់ដែលបាញ់រួចចំនួន៥គ្រាប់ ជាវត្ថុតាងផងដែរ ដើម្បីធ្វើជាកំណត់ហេតុចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌច្បារអំពៅម្នាក់បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៧នេះថា ពេលនេះកម្លាំងរបស់លោកកំពុងតែធ្វើការសហការជាមួយ និងកម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានធ្វើការទាក់ទងតាមរយៈទូរសព្ទជាមួយ និងមន្ត្រីនគរបាលបាញ់បោះសេរីរូបនោះរួចហើយ ដោយរូបគេសន្យាថា «រូបគេនឹងចូលខ្លួនទៅធ្វើការដោះស្រាយទៅតាមច្បាប់មិនខាន» ដោយមិនបានកំណត់ពីពេលវេលា និង ថ្ងៃណាឡើយ៕

មតិយោបល់