ព័ត៌មានសេដ្ឋកិច្ច

ធនាគារជាតិ៖ រាល់មុខទំនិញក្រោម ១០០ដុល្លារ គួរកំណត់តម្លៃ នឹងទូទាត់ជាប្រាក់រៀល

រាល់មុខទំនិញ ដែលមានតម្លៃក្រោម ៥០ ឬ ១០០ដុល្លារអាមេរិក គួរកំណត់តម្លៃ និងទូទាត់ជាប្រាក់រៀល នៅលើទីផ្សារកម្ពុជា។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័រធនាគារជាតិនៃកម្ពុជា នៅព្រឹកនេះ។

ធនាគារជាតិនៃកម្ពុជា បានរៀបចំអបអរសាទរ ការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ លើកទី ៣៧ ក្នុងគោលបំណងរម្លឹកខួប ការដាក់ឲ្យចរាចរប្រាក់រៀល និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលជាតិ ក្នុងប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកឧកញ៉ា លឹម ហេង បានឲ្យដឹងថា អាជីវកម្មលក់រាយ ផ្សារទំនើប គួរកំណត់តម្លៃ និងទូទាត់ជាប្រាក់រៀល ឬរាល់មុខទំនិញ ដែលមានតម្លៃក្រោម ៥០ ឬ ១០០ដុល្លារអាមេរិក គួរកំណត់តម្លៃ និងទូទាត់ជាប្រាក់រៀលនៅលើទីផ្សារកម្ពុជា។

លោកឧកញ៉ា សុខ ពិសិដ្ឋ ក៏បានឯកភាព ក្នុងការកំណត់តម្លៃ​ និងទូទាត់ជាប្រាក់រៀល ដូចលោកឧកញ៉ា លឹម ហេងផងដែរ។

លោកឧកញ៉ា ហួត អៀងតុង បញ្ជាក់ដែរថា ដើម្បីលើកកម្ពស់ប្រាក់រៀល គួរជម្រុញប្រជាជនបើកគណនីសន្សំជាប្រាក់រៀល ឲ្យបានច្រើន។ ចំពោះបញ្ហាពិបាកកាន់ប្រាក់រៀលច្រើនក្នុងដៃ សម្រាប់ទូទាត់ទំនិញ និងសេវា គឺអាចទូទាត់បាន តាមរយៈកាត និងទូរស័ព្ទដៃ។

លោកជំទាវ នាវ ច័ន្ទថាណា បានលើកឡើងថា កម្ពុជា ត្រូវតែរក្សា និងជម្រុញការប្រើប្រាស់ប្រាក់រៀល ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិប្រកបដោយចីរភាព។

គួរបញ្ជាក់ដែរថា ការប្រើប្រាស់ប្រាក់រៀល គឺពិតជាសំខាន់ណាស់ ក្នុងការជួយលើកកម្ពស់ រូបិយប័ណ្ណជាតិ នឹងជម្រុញតម្លៃប្រាក់រៀល កាន់តែខ្ពស់ ដែលមានផលវិជ្ជមានជាច្រើន ដល់សេដ្ឋកិច្ចជាតិ៕

មតិយោបល់