ភ្នំពេញ: បុរសអ្នកលក់ផ្លែឈើម្នាក់ ត្រូវបានកម្លាំងប្រជាការពារភូមិព្រៃព្រីងខាងត្បូង សហការជាមួយ កម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ ចុះធ្វើការចាប់ខ្លួនបានបន្ទាប់ពីប្រើកន្ត្រៃចាក់ទៅលើ បុរសម្នាក់ទៀតដែលជាអ្នកហៅម៉ូយដាក់រថយន្តតាក់ស៊ី បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីមានទំនាស់គ្នាបន្តិចបន្តួចបុណ្ណោះ ហើយជនរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្គ្រោះបន្ទាន់ កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧ នៅតាមផ្លូវជាតិលេខ ៣ ស្ថិតនៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនបង្កមានឈ្មោះ ទី សុវណ្ណ ហៅ ហុិន សុវណ្ណ អាយុ៤៥ឆ្នាំ មុខរបរលក់ផ្លែឈើ ស្នាក់នៅផ្ទះជួលក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅក្នុងភូមិព្រៃឃ្លោក ឃុំស្វាយតាយារ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ ដោយឡែកបុរសរងគ្រោះឈ្មោះ សុះ វណ្ណៈ ហៅ ពេជ្រ អាយុ២៣ឆ្នាំ មុខរបរហៅម៉ូយដាក់រថយន្តឈ្នួល រងរបួសចំបោះដៃផុត១កន្រ្តៃ ស្នាក់នៅផ្ទះជួលភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅក្នុងភូមិឧត្តមសូរិយា ឃុំស្រង៉ែ ស្រុកត្រាំកក់ ខេត្តតាកែវ ។
ភ្នាក់ងារ Post News បានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ គេបានឃើញជនដៃដល់ និងជនរងគ្រោះ បានជិះម៉ូតូម្នាក់១គ្រឿង ក្នុងទិសដៅពីជើងទៅត្បូងតាមផ្លូវជាតិលេខ៣ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ មិនដឹងថាមានរឿងអ្វីកើតឡើងនោះឡើយ ស្រាប់តែឃើញបុរសអ្នកលក់ផ្លែមាននោះ ទាញកន្រ្តៃចាក់ទៅលើ ជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់តែម្ដង ។ ខណៈនោះជនដៃដល់ប្រុងជិះម៉ូតូរត់គេចខ្លួន ប៉ុន្តែត្រូវបាន កម្លាំងន្រជាការពារភូមិ និងប្រជាពលរដ្ឋដែលស្ថិតនៅក្បែរនោះ នាំគ្នាដេញតាមចាប់បានភ្លាមៗ និងបាននាំទៅប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ចោមចៅ ដើម្បីសាកសួរ និងកសាងសំណុំរឿង ។ ប៉ុន្តែតាមសម្តីជនសង្ស័យបាននិយាយថា ខ្លួនខឹងនឹងជនរងគ្រោះជេរ និងរកវាយ ខណៈពេលដែលខ្លួនជិះម៉ូតូប៉ះបន្តិចប៉ុណ្ណោះ ហើយដោយសារតែខ្លាច ជនរងគ្រោះវាយទើបខ្លួនចាក់មុនជាការការពារខ្លួនតែប៉ុណ្ណោះ ៕
https://youtu.be/nmj7_t8KkDA
មតិយោបល់