ព័ត៌មានជាតិ

មានលុយ មានក្រុមហ៊ុនដេញថ្លៃហើយ តែហេតុអ្វីមិនព្រមធ្វើផ្លូវប្រវែង ៥៤គីឡូម៉ែត្រ នៅព្រៃវែង?

ព្រៃវែងៈ ផ្លូវមួយខ្សែដែលមានប្រវែងតែ ៥៤គីឡូម៉ែត្រ ដែលបម្រើសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋចំនួន ០៤ឃុំ នៅខេត្តព្រៃវែងនោះ បានខូចខាតស្ទើរក្លាយជាស្រះត្រពាំង បន្ទាប់ពីមន្រ្តីពាក់ព័ន្ធមិនអើពើរ ហើយផ្លូវនេះ ក៏បានធ្លាក់គម្រោង ធ្លាក់លុយ និងថែមទាំងមានក្រុមហ៊ុនដេញថ្លៃធ្វើថែមទៀត បែរជាអូសបន្លាយទាល់តែខូចអស់ទៅវិញ។

ផ្លូវមួយខ្សែដែលរងការខូចខាតដូចថ្លុកក្របីនេះ ជាហេតុនាំឲ្យពលរដ្ឋរិៈគន់មកលើអាជ្ញាធរយ៉ាងចាស់ដៃថា តើរវល់ធ្វើអ្វីបានជាផ្លូវខូចអស់ហើយមិនអើពើបែបនេះ ឬមួយទុក្ខលំបាករបស់ពលរដ្ឋមិនខ្វល់ខ្វល់តែរឿងលុយចូលហោប៉ាវទេដឹង ម្យ៉ាងវិញផ្លូវមួយខ្សែគឺសំខាន់សម្រាប់ពលរដ្ឋធ្វើដំណើរ ដឹកផលដំណាំដូចជាស្វាយ ពោត ល្ងរ ក៏ដូចជាមន្ត្រីរាជការ ដែលធ្វើដំនើរឆ្លងកាត់គឺមានភាពលំបាកបំផុត បើខែប្រាំងដីហុយបែកផ្សែង ខែវស្សាមេឃភ្លៀងបែកផុក ឡានជាប់រណូករណែត ម៉ូតូជិះមិនចង់កើត ដើរក៏មិនរួច ជាពិសេសជាងនេះទៅទៀតនោះ គឺកម្មករ កម្មការីរោងចក្រ ពេលខ្លះទៅធ្វើការមិនទាន់ម៉ោង ព្រោះរថយន្តដឹកកម្មករជាប់ផុង ស្ទើតែរាល់ថ្ងៃបណ្ដាលឲ្យថៅកែរោងចក្រកាត់លុយពួកគាត់ ជាហេតុនាំឲ្យពួកគាត់មួម៉ៅ។

ពលរដ្ឋគ្រប់ៗរូបបានស្ដាប់ឮពេញត្រចៀកថា សម្ដេច តេជោ ហ៊ុន សែន នឹងធ្វើផ្លូវមួយខ្សែនេះដោយក្រាលកៅស៊ូ គឺពីយោត រហូតដល់ភូមិព្រែកក្រូច ដែលមានចំនួន4ឃុំគឺ ឃុំមេសរប្រចាន់ ឃុំកំពង់ពពិល ឃុំកំពង់ប្រាំង និងឃុំព្រែកតាសរ គឺស្រុកពារាំងនិងស្រុកពោធិរៀង ឆ្លើយតបទៅនឹងបញ្ហានេះលោក ហ៊ី ធួក អភិបាលស្រុកពារាំង បានឲ្យដឹងថា ផ្លូវនោះគឺគេធ្វើបានមួយកំណាត់ហើយ គឺពីសរប្រចាន់មកកំពង់ពពិល គឺក្រាលគ្រួសក្រហមទេពុំមែនកៅស៊ូឡើយ ដោយឡែក ពីកំពង់ពពិលទៅ ព្រែកតាសរនោះនៅមិនទាន់បានធ្វើទេ សម្តេចតេជោបានប្រកាសនៅវត្តកំពង់ពពិល កាលពីឆ្នាំ 2013 ថា នឹងធ្វើផ្លូវ ក្រាលកៅស៊ូ ប្រវែងជាង៥៤គីឡូ ដែលមានចំនួន3ឃុំ គឺឃុំមេសរប្រចាន់ ឃុំកំពង់ពពិល និងឃុំព្រែកតាសរ។

រឿងនេះសម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍កាលពីខែមុននៅក្នុងខេត្តព្រៃវែងថា ផ្លូវមួយខ្សែនេះគម្រោងមានហើយ លុយក៏មានដែរ ឯក្រុមហ៊ុននាក់ដេញថ្លៃក៏ដេញហើយដែរ មូលហេតុអ្វីមិនធ្វើ សម្ដេចបានបញ្ជាឲ្យក្រុមការងារ និងអាជ្ញាធរពាក់ពន្ធ័ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ សូមពិនិត្យនឹងស្រាវជ្រាវឡើងវិញ គឺធ្វើឲ្យបានឆាប់បំផុតជៀសវាងក្រុមហ៊ុនខ្លះម៉ៅការហើយមិនធ្វើរកមូលហេតុឲ្យឃើញ បើនៅតែអូសបន្លាយតទៅមុខទៀត ប្រជារាស្រ្ត ច្បាស់ជាចងចិញ្ចើមមិនខានឡើយ៕

មតិយោបល់