ភ្នំពេញ: យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៧នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប បទល្មើសគ្រឿងញៀន២២ករណី ឃាត់មនុស្ស ៣៦នាក់ក្នុងនោះស្រី៥នាក់ នេះបើយោងតាមលទ្ធផល ផ្លូវការនៃការបង្ក្រាបករណីគ្រឿងញៀន របស់លេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ លើកទី១។
ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ មានមុខសញ្ញាជួញដូរគ្រឿងញៀន ១៤ករណី ឃាត់ ២១នាក់ ក្នុងនោះមានស្រី០៥នាក់ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ៨ករណី ឃាត់១៥នាក់រួមទាំងវត្ថុតាងមាន មេតំហ្វេតាមីន (ice)= ១,៤៤ក្រាម, ១កញ្ចប់ធំ និង៦៨កញ្ចប់តូច និងមេតំហ្វេតាមីន (wy)= ៦,១២ក្រាម។
លទ្ធផលដែលបង្ក្រាប ហើយឃាត់ខ្លួនជនសង្ស័យ ប្រុសស្រីទាំង៣៦នាក់ និងវត្ថុតាង១ចំនួននេះមានការចូលរួម ១០អង្គភាព៖ ១.បន្ទាយមានជ័យ ២.បាត់ដំបង ៣.កំពត ៤.ព្រៃវែង ៥.ពោធ៍សាត់ ៦.ស្ទឹងត្រែង ៧.ស្វាយរៀង ៨.តាកែវ ៩.ប៉ៃលិន ១០.រាជធានីភ្នំពេញ៕
មតិយោបល់