ព័ត៌មានជាតិ

ជនសង្ស័យពីរនាក់បងប្អូន ព្រួតគ្នាវាយជនរងគ្រោះម្នាក់ បណ្តាលឲ្យបែកក្បាលដេរ៣៥ថ្នេរ

កណ្តាលៈ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៩ និង៣៥នាទី មានករណីហិង្សាដោយចេតនា (មានស្ថានទម្ងន់ទោស) ជនរងគ្រោះឈ្មោះ ពុធ សុផល ភេទប្រុស បានផឹកស៊ីជាមួយមិត្តភក្តិម្នាក់ឈ្មោះ ហោ សាវ៉េត ហៅតោន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅលើបង់ថ្មមុខផ្ទះរបស់ខ្លួន ។

ហេតុការណ៍ករណីហិង្សាខាងលើ ពេលនោះមានឈ្មោះ យ៉ាំ ប៊ុនសាក់ ភេទប្រុស បានចេញមកពីធ្វើការងារសំណង់ នៅខាងក្រោយភូមិ ពេលមកដល់ផ្ទះ ស្រាប់តែជនរងគ្រោះឈ្មោះ ពុធ សុផល ភេទប្រុស បានស្រែកជេរឡូឡាដាក់ជនសង្ស័យ ពេលនោះជនសង្ស័យខឹងក៏បានស្រែកជេរតបតវិញ ភ្លាមនោះជនរងគ្រោះ បានយកដុំថ្មគប់ទៅលើផ្ទះជនសង្ស័យ ឃើញដូច្នេះជនសង្ស័យឈ្មោះ យ៉ាំ ប៊ុនសាក់ ភេទប្រុស បានកាន់កណ្ដៀវ ចំណែកឈ្មោះ យ៉ាំ ប៊ុនសាល ភេទប្រុស (ប្អូន យ៉ាំ ប៊ុនសាក់) កាន់កាំបិតបុ័ងតោ ព្រួតគ្នាវាយ នឹងកាប់ជនរងគ្រោះ រហូតដល់ជនរងគ្រោះរត់ដួលនៅកៀនផ្ទះ ភ្លាមនោះជនសង្ស័យឈ្មោះ យ៉ាំ ប៊ុនសាក់ ភេទប្រុស បានយកឥដ្ឋការ៉ូ ទំហំ៦០ គុណ៦០វាយក្បាលជនរងគ្រោះពីខាងក្រោយ និងជនសង្ស័យម្នាក់ទៀតឈ្មោះ យ៉ាំ ប៊ុនសាល ភេទប្រុស ក៏បានយកកាំបិតបុ័ងតោកាប់ក្បាលជនរងគ្រោះ ផ្នែកក្រោយចំនួនបីកាំបិតដេរចំនួន៣៥ថ្នេរ បណ្តាលជនរងគ្រោះរងរបួសធ្ងន់ ។

ជនរងគ្រោះត្រូវបានក្រុមគ្រួសារ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកកៀនស្វាយ ។ ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ។

ក្រោយពេលទទូលបានពាក្យបណ្ដឹង លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានបញ្ជាអោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ដឹកនាំដោយលោក វរសេនីយ៍ទោ វ៉េង កុសល អធិការរងបានចុះទៅដល់កន្លែងកើតហេតុ និងស្វែងរកជនសង្ស័យឃាត់ខ្លួនបានម្នាក់ឈ្មោះ យ៉ាំ ប៊ុនសាក់ ភេទប្រុស យកមកសួរនាំនៅ ប៉ុស្តិ៍នគរបាលរដ្ឋភូមិធំ ចំណែកជនសង្ស័យឈ្មោះ យ៉ាំ ប៊ុនសាល ភេទប្រុស បានរត់គេចខ្លួនបាត់ ។
ក្រោយពីសួរនាំរួចជនសង្ស័យឈ្មោះ យ៉ាំ ប៊ុនសាក់ ភេទប្រុស បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រើអំពើហិង្សាលើ ឈ្មោះ ពុធ សុផល ភេទប្រុស ដូចការរៀបរាប់លើពិតមែន ។

បច្ចុប្បន្នជនសង្ស័យខាងលើ នឹងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធី​ ៕

មតិយោបល់