ព័ត៌មានជាតិ

កាមរីបាឡែន សាកកម្លាំងជាមួយឡង់គ្រឺស័រពេញទំហឹង ខ្ទេចទាំងសងខាង

ភ្នំពេញ: រថយន្តកាមរីបាឡែន បុកជាមួយនឹងរថយន្តឡង់គ្រឺស័រ បុកគ្នាយ៉ាងពេញទំហឹង នៅចំណុចផ្លូវបែកជាបួន ដោយសារតែរថយន្តទាំង២បើកលឿនដូចគ្នា ខណ:មកដល់ផ្លូវបែកជាបួន វាក់អឺ ជាន់ហ្រ្វាំងមិនទាន់ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់នរណាម្នាក់នោះឡើយ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២និង១០នាទី យប់ឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវ១៦៣ កែងនឹងផ្លូវ៤៣២ ស្ថិតក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2AD-4870 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូងតាមបណ្ដោយផ្លូវ១៦៣ ខណ:មកដល់ចំណុចកើតហេតុ ផ្លូវបែកជាបួន ក៏វាក់អឺជាន់ហ្រ្វាំងមិនទាន់ ក៏បុកចំពាក់កណ្ដាលរថយន្តឡង់គ្រឺស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Y-5168 យ៉ាងពេញទំហឹង ដែលកំពុងធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចតាមបណ្ដោយ៤៣២ បណ្ដាលឲ្យរថយន្តឡង់គ្រឺស័រ រងការខូចខាតទ្វារទាំង២ ផ្នែកខាងស្ដាំ ចំណែករថយន្តកាមរីបាឡែន រងការខូចខាតផ្នែកខាងមុខទាំងស្រុង។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាង បានដោះស្រាយគ្នានៅនឹងកន្លែងកើតហេតុ ដើម្បីបញ្ចប់រឿងរៀងៗខ្លួន៕

មតិយោបល់