អ៊ីស្រាអែលៈ នាយករដ្ឋមន្រ្តីលោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ បានប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ថា កងកម្លាំងអ៊ីស្រាអែល នឹងបន្តការវាយប្រហារតាមអាកាស ក្នុងប្រទេសស៊ីរី ប្រសិនបើពួកគេយល់ថាវាចាំបាច់។ នេះបើយោងតាមរយៈ សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧។
លោក ណេតាន់យ៉ាហ៊ូ បាននិយាយក្នុងអំទ្បុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនថា « ប្រសិនបើមានបញ្ហានៅទីតាំងឈរជើងយោធានោះ យើងនឹងនៅតែបន្តធ្វើការវាយប្រហារតាមអាកាស ក្នុងប្រទេសនេះដដែរ» ដោយបានបន្ថែមថា លោកបានជូនដំណឹងអំពីគោលបំណងនេះ ទៅលោក ពូទីន រួចហើយ»។
តាមប្រភពព័ត៌មានពីទីក្រុងយេរូសាឡឹម បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានច្រានចោលរបាយការណ៍ ដែលថាប្រទេសរុស្ស៊ីទទូចឲ្យអ៊ីស្រាអែល បញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួន នៅលើទឹកដីស៊ីរី។
កាលពីថ្ងៃចន្ទប្រធានាធិបតីស៊ីរី លោក បាសាអាល់ អាសាដ បានប្រាប់ទៅសមាជិកសភារុស្ស៊ី ដើម្បីទប់ស្កាត់ការវាយប្រហាររបស់អ៊ីស្រាអែលមកលើទឹកដីខ្លួន និងជួយដល់រដ្ឋាភិបាលក្រុងដាម៉ាស បញ្ជៀសជម្លោះជាមួយអ៊ីស្រាអែល ។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងការបរទេសរុស្ស៊ី បានកោះហៅឯកអគ្គរដ្ឋទូតអ៊ីស្រាអែល លោក Gary Koren ទៅកាន់ទីក្រុងម៉ូស្គូ ដើម្បីទាមទារការពន្យល់ ចំពោះការវាយប្រហារតាមអាកាស ដែលបានធ្វើនៅជិតទីក្រុងប៉ាលម៉ៃរ៉ា របស់ប្រទេសស៊ីរី កាលពីព្រឹកថ្ងៃសុក្រ ដោយយន្តហោះចម្បាំង នៃកងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានវាយប្រហារគោលដៅជាច្រើន នៅជិតទីក្រុងប៉ាលម៉ៃរ៉ា ដោយនិយាយថា បានបំផ្លាញអាវុធជាច្រើន ដែលផ្តល់ទៅពួកសកម្មប្រយុទ្ធលីបង់ Lebanese ៕
មតិយោបល់