ព័ត៌មានជាតិ

មុខសញ្ញាប្លន់ប្រដាប់យកទ្រព្យពីប្រជាពលរដ្ឋ ២នាក់ត្រូវសមត្ថកិច្ចបង្ក្រាបបាន

ព្រៃវែងៈ ជនសង្ស័យដែលជាមុខសញ្ញាប្លន់ប្រដាប់អាវុធយកទ្រព្យសម្បត្តិពីប្រជាពលរដ្ឋចំនួន២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចសហការគ្នា ឈានទៅដល់ការក្តោបមុខសញ្ញាចាប់ខ្លួនបានតែម្តង។

សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការចាប់ខ្លួនបានខាងលើ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិព្រៃស្នួល ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជនសង្ស័យទាំង២នាក់នេះ ប្រដាប់ដោយអាវុធ បានធ្វើសកម្មភាពប្លន់យកទ្រព្យសម្បត្តិ ពីជនរងគ្រោះម្នាក់បានសម្រេចហើយព្យាយាមគេចខ្លួន។ ក្រោយមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលការដឹកនាំពី នាយឧត្ដមសេនីយ៍ អគ្គស្នងការរងទទួលផែននគរបាលយុត្តិធម៌ និងមានការចង្អុលបង្ហាញផ្ទាល់ពី ឧត្ដមសេនីយ៍ឯក ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកការស្រាវជ្រាវ ស៊ើបអង្កេតដោយមានការសហការយ៉ាងល្អ និងទាន់ពេលវេលា ពីនាយកដ្ឋានកណ្តាលសន្ដិសុខស្នងការដ្ឋាននគរបាលព្រៃវែង និង ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ទើបឈានដល់ការចាប់ខ្លួនបានតែម្តង ។

ដោយជនសង្ស័យទី១ ឈ្មោះ ខាត់ រ៉េត ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិព្រៃគុយ ឃុំគោចក ស្រុកមេសាង និងជនសង្ស័យទី២ ឈ្មោះ យី អៀង ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិហប់ ឃុំគោចក ស្រុកកំពង់ត្របែក ។

ហើយរហូតមកទល់ពេលនេះ សមត្ថកិច្ចយើងកំពុងតែបន្ត សហការ ស្រាវជ្រាវស្វែងរក មុខសញ្ញាសេសសល់ និងវត្ថុតាងអាវុធ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕

មតិយោបល់