បៃលិន: ភ្នាក់ងារ Post News បានឲ្យដឹងថា នៅវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ មាននារីវ័យក្មេងម្នាក់ត្រូវបានក្រុមគ្រួសារដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដោយសារពស់វែកចឹកពេលកំពុងដេកនៅក្នុងមុង ខណៈមេឃកំពុងភ្លៀង ។
យោងតាមការរៀបរាប់របស់ប្តីស្ត្រីរងគ្រោះ ឈ្មោះ ឈាង អាយុ ២៥ឆ្នាំ បានឲ្យដឹងថា ប្រពន្ធរបស់គាត់មានឈ្មោះ សៀន សុភ័ក្ត្រ អាយុ ២៤ឆ្នាំ មានស្រុកកំណើតនៅស្រុកបរសេដ ខេត្តកំពង់ស្ពឺ មានកូនតូចៗ ២នាក់នៅក្នុងបន្ទុក ដោយពួកគាត់នាំក្រុមគ្រួសារមកស៊ីឈ្នួលចិញ្ច្រាំមើមដំឡូងមីឲ្យគេ នៅចំណុចកំពោស្ទាវ ស្ថិតនៅក្នុងភូមិព្រៃធំ ឃុំឃ្លាំងមាស ស្រុកបរវេល ខេត្តបាត់ដំបង រយៈពេល២ខែមកហើយ ។ ប៉ុន្តែនៅវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២២ខែមីនា ឆ្នាំ២០១៧ ខណៈពេលដែលគាត់ និងប្រពន្ធកំពុងដេកនៅក្នុងមុង ដោយក្រាលកន្ទេលផ្ទាល់ដី ស្របពេលដែលមេឃកំពុងភ្លៀង ស្រាប់តែមានពស់វែក ១ក្បាល ប្រវែងជាង ១ម៉ែត្រ ដែលអ្នកស្រុកតែងតែហៅថា ពស់ថ្នាំងអំពៅ ឬពស់ក្រាយ បានមកខាំជើងប្រពន្ធរបស់គាត់ ចំនួន ២ដង បន្ទាប់មកគាត់ក៍ស្ទុះទៅវាយពស់នោះងាប់ ។
បុរសជាប្តីជនរងគ្រោះបានបន្តទៀតថា ក្រោយពីវាយពស់នោះងាប់ហើយ គាត់បានសួរទៅប្រពន្ធថា តើឯងឈឺឬអត់? តែប្រពន្ធរបស់គាត់ដែលជាជនរងគ្រោះ បានឆ្លើយថា មិនឈឺទេ ទើបនាំគ្នាសំងំដេកទៀតទៅ រហូតដល់ព្រឹកឡើង ប្រពន្ធរបស់គាត់មានអាការៈមិនសូវស្រួល ក៏បានពឹងលោកមេភូមិ ដឹកប្រពន្ធរបស់គាត់តាមម៉ូតូ យកទៅសង្គ្រោះនៅមណ្ឌលសុខភាពសុខភាព ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ប៉ុន្តែដោយសារមណ្ឌលសុខភាពមិនមានថ្នាំសម្រាប់បន្សាបជាតិពិសពស់ ក៏បានបន្តបញ្ជូនជនរងគ្រោះមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។
ប្រភពដដែលបានបន្តថា បើតាមការលើកឡើងរបស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បានប្រាប់ថា ដោយសារជនរងគ្រោះមិនប្រញាប់មកមន្ទីរពេទ្យបង្អែកឲ្យបានទាន់ពេលវេលា ធ្វើឲ្យជាតិពិសពស់ជ្រាបពេញដងខ្លួនទៅហើយ ទោះបីជាក្រុមគ្រូពេទ្យបានប្រើថ្នាំបង្សាបជាតិពិសយ៉ាងណាក៍ដោយ ដូច្នេះក្រុមគ្រូពេទ្យ និងក្រុមគ្រួសារជនរងគ្រោះក៏សម្រេចយករថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្ត បញ្ជូនជនរងគ្រោះ ទៅព្យាបាលបន្តនៅខេត្តបាត់ដំបង ហើយបើតាមការសន្និដ្ឋានរបស់គ្រូពេទ្យ ជនរងគ្រោះគឺមិនមានសង្ឃឹមនោះទេ ។
ក្រុមគ្រូពេទ្យក៏បានអំពាវនាវដល់ជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះសត្វពស់ និងសត្វមានពិសផ្សេងៗ ព្រោះរដូវនេះមានភ្លៀងធ្លាក់ច្រើន ជាពិសេសពេលពស់ចឹក ត្រូវប្រញាប់យកជនរងគ្រោះមកព្យាបាលឲ្យបានទាន់ពេលវេលា កុំធ្វេសប្រហែស ទោះជាសត្វពស់នោះជាពស់ប្រភេទអ្វីក៏ដោយ ។
គួររំលឹកផងដែរថា កាលពី៦ខែមុន ក៏មានករណីជនរងគ្រោះម្នាក់ ដែលរស់នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន បានស្លាប់ដោយសារ សត្វពស់វែកថ្នាំងអំពៅ ឬពស់ក្រាយ នេះចឹកដែរ ពីព្រោះសត្វពស់ប្រភេទនេះ គឺមានពិសខ្លាំង ប៉ុន្តែពេលចឹក មិនមានការឈឺភ្លាមៗនោះទេ ដែលជាហេតុធ្វើឲ្យជនរងគ្រោះមានការធ្វេសប្រហែល មិនប្រញាប់ប្រញ៉ាល់ មកព្យាបាលនៅមន្ទីរពេទ្យឲ្យបានទាន់ពេលវេលា ទើបបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបែបនេះ ៕
https://www.youtube.com/watch?v=CHzCoh1x9n8&feature=youtu.be
មតិយោបល់