កណ្តាលៈ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ មន្ត្រីអនុរក្សពន្ធនាគារខេត្តកណ្តាល បានបញ្ជូនបក្ខពួកក្រុមចោរប្លន់ក្រៃថោង៣នាក់ មកសាលាដំបូងខេត្តកណ្តាល ដើម្បីបើកសវនាការ។
បក្ខពួកក្រុមចោរក្រៃថោង ដែលអនុរក្សពន្ធនាគារខេត្តកណ្តាល បានបញ្ជូនមកនោះទី១ ឈ្មោះ ឈឹម សុផល ទី២ឈ្មោះ ហ៊ីង នី ហៅប៉េន ហៅអាមមីស (ជាមេក្លោង) និងទី៣ឈ្មោះ ឆៃណានភិរម្យ ហៅណាល់ នឿន ភេទប្រុស អាយុ៣៥ឆ្នាំ។
សូមរំលឹកជាថ្មីម្ដងទៀត កាលពីល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលខេត្ដកណ្ដាលបានបង្ហាញមុខក្រុមចោរប្លន់ប្រដាប់អាវុធ១០នាក់ ដែលកន្លងមក ធ្លាប់បានធ្វើសកម្មភាពប្លន់ យ៉ាងកក្រើកនៅ ក្នុងភូមិសាស្ត្រខេត្ដមួយចំនួន ។
សមត្ថកិច្ចបានថ្លែងថា ក្រុមចោរទាំង១០នាក់ដែលត្រូវបង្ហាញ មុខនៅថ្ងៃនេះ រួមមាន ទី១-ឈ្មោះ ឈឹម សុផល ទី២-ឈ្មោះ ស្រី ស្រាន់ ហៅជាតិ ភេទ ប្រុស អាយុ២៣ ទី៣-ឈ្មោះ ហ៊ីង នី ហៅប៉េន ហៅអាមមីស (ជាមេក្លោង) ទី៤-ឈ្មោះ ហ៊ុត ហាន ហៅតូច ភេទប្រុស អាយុ៣៥ឆ្នាំ ទី៥-ឈ្មោះ ហ៊ុល សុធីហៅផាន់ គឹមយន់ ហៅក្រៃថោង (ជាមេក្លោង) ទី៦-ឈ្មោះ ឆៃណានភិរម្យ ហៅណាល់ នឿន ភេទប្រុស អាយុ៣៥ឆ្នាំ ទី៧-ឈ្មោះ ជឿន ចិន្ដា អាយុ៣៥ឆ្នាំ ទី៨- ឈ្មោះ ហ៊ិន ចាន់ថា ភេទប្រុស អាយុ៣១ឆ្នាំ ទី៩-ឈ្មោះ ហៀង សុផា និងទី១០-ឈ្មោះ ឃឿន បុរី ភេទប្រុស៣៧ឆ្នាំ ។
លោក រឿន ណារ៉ា ស្នងការរងបានថ្លែងទៀតថា ប្រតិបត្ដិការបង្រ្កាបឃាត់ខ្លួនក្រុមចោរប្លន់ជាលក្ខណៈទ្រង់ទ្រាយធំនេះ ធ្វើឡើងផ្ដើមចេញពីកើតមានករណីប្លន់ប្រដាប់អាវុធទៅលើផ្ទះផ្ទេរប្រាក់វីងមួយកន្លែង នៅភូមិសាស្ត្រ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល កាលពីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ។
ក្រុមចោរប្លន់ទាំង១០នាក់ខាងលើនេះ ត្រូវបានឃាត់ខ្លួនជាបន្ដបន្ទាប់ចាប់តាំងពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០១៦ រហូតដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦នេះ នៅក្នុងភូមិសាស្រ្ដខេត្ដកណ្ដាល ខេត្ដកំពង់ចាម និងនៅរាជធានីភ្នំពេញ ។ ក្នុងប្រតិបត្ដិការបង្រ្កាបឃាត់ខ្លួនក្រុមចោរខាងលើនេះ សមត្ថកិច្ចបានធ្វើការដកហូត កាំភ្លើងខ្លី ម៉ាកK59 ចំនួន១ដើម និងម៉ូតូ៥គ្រឿងជាធ្យោបាយជិះធ្វើសកម្មភាព ។
លោកបញ្ជាក់ថា ក្រុមចោរទាំងនេះជាមុខសញ្ញាប្លន់ប្រដាប់អាវុធដ៏សកម្ម កន្លងម កធ្លាប់ ធ្វើសកម្មភាពប្លន់នៅខេត្ដមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏ធ្លាប់ត្រូវ បានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅកាន់ ពន្ធនាគារជាច្រើនលើកច្រើនសារផងដែរ ។
ក្រោយពីបង្ហាញមុខ ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ បញ្ជូនទៅកាន់សាលាដំបូងខេត្ដ កណ្ដាល ដើម្បីវិនិច្ឆ័យទៅតាមច្បាប់៕
មតិយោបល់