ព័ត៌មានជាតិ

យុវជនម្នាក់ ឡើងតខ្សែភ្លើងលើដំបូលផ្ទះឆក់ស្លាប់

ពោធិ៍សាត់: លោកអធិការស្រុកក្រគរបានប្រាប់ Post News ថា ករណីបុរសម្នាក់ឆក់ខ្សែភ្លើងស្លាប់ បន្ទាប់ពីឡើងតខ្សែភ្លើងនៅលើដំបូលផ្ទះ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ថ្ងៃត្រង់ ទី២២ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្ទះរបស់ឈ្មោះ ភួង ស្រៀវ អាយុ ៣២ឆ្នាំ ភេទប្រុស នៅភូមិកប៉ះ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ថៃ ផាន់ណារ៉ា អាយុ២២ឆ្នាំ ភេទប្រុស បច្ចុប្បន្នស្នាក់នៅ នៅភូមិកគោ ឃុំស្វាយហ្លួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ មកធ្វើកម្មករសំណង់ ស្នាក់នៅភូមិ ឃុំកើតហេតុខាងលើ។

មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះឡើងបាញ់វីសដំបូលផ្ទះហើយស្រវ៉ាប៉ះខ្សែភ្លើងដែលមានតំណ តខ្លួនឯងដោយខ្វះការប្រុងប្រយត្ន័ បណ្តាលឲ្យឆក់ស្លាប់ភ្លាមនៅកន្លែងកើតហេតុ។

ចំណែកសាកសព ក្រោយពីការពិនិត្យរួចរាល់និងធ្វើកំណត់ហេតុ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់