ព័ត៌មានជាតិ

កូរ៉េខាងត្បូង​កំពុង​បង្កើត​សេវា 5G ដែល​លឿង​ជាង 4G រហូតដល់ ១.០០០​ដង​

​សេ​អ៊ូ​ល​៖ កូរ៉េខាងត្បូង នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ បាន​ប្រកាស​ឲ្យដឹង​ថា ខ្លួន​នឹង​ចំណាយលុយ ១,៥​ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​សាងសង់​ប្រព័ន្ធ 5G ដែល​មាន​សមត្ថភាព​អាច​ទាញ​យក​ភាពយន្ត​មួយ​រឿង​ពេញ​ដោយ​ប្រើ​រយៈពេល​តែ​១​នាទី​។​

​យោង​តាម​សារព័ត៌មាន Business Insider បាន​ដកស្រង់​នូវ​សំដី​របស់ ក្រសួង​វិទ្យាសាស្ត្រ​ថា កូរ៉េ​ខាងត្បូង​មាន​បំណង​ដើម្បី​អនុវត្តន៍​បច្ចេកវិទ្យា លឿង​ជា​ង​សេវាកម្ម 4G នាពេល​បច្ចុប្បន្ន​ប្រមាណ​ជាង ១.០០០​ដង នៅក្នុង​រយៈពេល ៦​ឆ្នាំ​។​

​ក្រសួង​បាន​និយាយថា “​យើង​ជួយ​ជំរុញ​កំណើន​ជាតិ​ជាមួយ​នឹង 2G កាលពី​ឆ្នាំ ១៩៩០, 3G កាលពី​ឆ្នាំ ២០០០ និង 4G កាលពី​ឆ្នាំ ២០១០​។ ឥឡូវនេះ​វា​គឺជា​ពេលវេលា​ដើម្បី​បង្ហាញ 5G”​។​

​ក្រសួង​ក៏​បាន​បន្ថែមទៀតថា “​បណ្ដាល​ប្រទេស​នៅ​អឺរ៉ុប ប្រទេស​ចិន និង​សហរដ្ឋអាមេរិក បាន​នឹង​កំពុង​តែ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​បច្ចេកវិទ្យា 5G ហើយ​យើង​ជឿជាក់ថា​នឹង​មាន​ការប្រកួតប្រជែង​ដ៏​កាច​សាហាវ​មួយ​នៅក្នុង​ទីផ្សារ​នេះ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​”​។​
​យោងតាម​សេចក្ដីប្រកាស​បានឲ្យដឹងថា សេវាកម្ម 5G នឹង​ត្រូវ​ដាក់ឲ្យ​ប្រើប្រាស់​បណ្ដោះអាសន្ន​នៅ​ក្នុង​ឆ្នាំ ២០១៧ ហើយ​ប្រើប្រាស់​ចេញ​លេញ​នៅ​ចុងឆ្នាំ ២០២០​។​

​រដ្ឋាភិបាល​សង្ឃឹមថានឹង​អនុវត្ត​ផែនការ​នេះ​ជាមួយនឹង​ការវិនិយោគ និង​កិច្ចសហប្រតិបត្តិការ​ពី​ប្រតិបត្តិ​ករ​ដូចជា​ក្រុមហ៊ុនរ​គមនាគមន៍ SK Telecom និង Korea Telecom ក៏​ដូចជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូន​ក្រុមហ៊ុន Samsung និង LG៕​
140122163931-korea-5g-story-top

មតិយោបល់