ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាក LEXUS LX470 ចំនួន២គ្រឿង បើកបុកគ្នាពេញទំហឹងត្រង់ចំណុចផ្លូវបែកជាបួន បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងយប់តែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០យប់ថ្ងែទី២៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៣៣ កែងនឹងផ្លូវលេខ១១២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជាជនជាតិកូរ៉េម្នាក់ បានបើករថយន្តមួយគ្រឿងម៉ាក LEXUS LX470 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2K-6064 បើកបរក្នុងទិសដៅពីកើតមកលិច ក្នុងលឿនលឿន ខណៈពេលមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងទៀតម៉ាក LEXUS LX470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-9089 បើកបរដោយបុរសម្នាក់ រួមទាំងអ្នករួមដំណើរ៣នាក់ទៀតប្រុសទាំងអស់ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចគ្នា ខណៈពេលមកដល់ចំណុចកើតហេតុត្រង់ផ្លូវបែកជា៤ រថយន្តទាំង២គ្រឿង មិនព្រមបន្ថយល្បឿន ក៏បុកគ្នាពេញទំហឹង បណ្តាលឲ្យរថយន្ត LEXUS LX470 ពណ៌ស រេចង្កូតជ្រុលទៅបុកបង្កោលភ្លើង បណ្តាលឲ្យឆ្លងចរន្តភ្លើងឆេះរថយន្តនោះតែម្តង តែសំណាងល្អត្រូវបានប្រជាពលរដ្ឋនៅទីនោះជួយទៅយក បំពង់ពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់អស់ចំនួន៤បំពង់ ទើបអាចពន្លត់បាន។
ចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវ ត្រង់ចំណុចផ្លូវបែកជាបួននេះបានបណ្តាលឲ្យបុរសម្នាក់ដែលជាអ្នកបើករថយន្ត LEXUS LX470 ពណ៌ស រងរបួសស្រាលចំផ្ទៃមុខ និងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងយប់ថែមទៀតផង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកវាស់វែង យករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់៕
មតិយោបល់