ហ្វីលីពីៈ ប្រធានាធិបតីលោក Rodrigo Duterte បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា លោកនឹងបើកចំហ សម្រាប់ការចែករំលែកធនធានទឹក ជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង នៅក្នុងដែនទឹកសមុទ្រ ចិនខាងត្បូង ជាចំណុចមួយ ដែលតុលាការអន្តរជាតិ បានផ្តល់សិទ្ធិផ្តាច់មុខដល់រដ្ឋាភិបាលក្រុងម៉ានីល។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃ២៤ ខែមីនា ឆ្នាំ២០១៧។
ចិនបានអះអាងថា ភាគច្រើននៃតំបន់សមុទ្រនេះ រួមទាំងដែនទឹកជិតឆ្នេរសមុទ្រប្រទេសហ្វីលីពីនជារបស់ខ្លួន បើទោះបីជាពាក្យបណ្តឹង កាលពីឆ្នាំមុន ត្រូវបានតុលាការអន្តរជាតិ គាំទ្រដោយអង្គការសហប្រជាជាតិ ប្រកាសកាត់ក្ដីឲ្យហ្វីលីពីនជាអ្នកឈ្នះក៏ដោយ។
យ៉ាងណាមិញលោក Duterte បាននិយាយថា ហ្វីលីពីនមិនអាចទាញយកធនធានធម្មជាតិ បានដោយខ្លួនឯងផ្ទាល់នោះទេ។
ដោយលោកប្រាប់មេធាវី នៅទីក្រុងម៉ាលីលថា «បើទោះជាខ្ញុំចង់ទាញយកអ្វីគ្រប់យ៉ាង ពីធនធានដែនទឹក កំពុងមានជម្លោះនោះក៏ដោយ តែយើងមិនមានដើមទុនគ្រប់គ្រាន់ទេ។ សូម្បីតែស្ថានីយ៍ខួង (ប្រេង) និងអ្វីគ្រប់យ៉ាង ដែលយើងមិនអាចមានលទ្ធភាពធ្វើវាបាន។ «ខ្ញុំនឹងពិចារណាចែករំលែកវា» ។
លោក Duterte បានប្រកាសម្តងហើយម្តងទៀត កាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងមិនធ្វើសង្រ្គាមជាមួយចិន ពាក់ព័ន្ធនឹងពាក្យបណ្តឹង នៅដែនទឹកកំពុងមានជម្លោះនោះទេ។
ខណៈដែលអះអាងថា លោក និងប្រធានាធិបតីចិន លោក ស៊ីជីន ពីង បានយល់ព្រមគ្នា ក្នុងទីក្រុងប៉េកាំង កាលពីឆ្នាំមុនថា ពួកគេនឹងជំរុញឲ្យមានទំនាក់ទំនងពាណិជ្ជកម្មរួមគ្នា នៅដែនទឹកជម្លោះនោះ៕
មតិយោបល់