ភ្នំពេញ: ភ្នាក់ងារ Post News បានឲ្យដឹងថា មានករណីជនសង្ស័យ២នាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីម្នាក់បានសម្រេច ហើយគេចខ្លួនបាត់ដោយសុវត្តិភាព ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ នៅចំណុចមុខដេប៉ូលក់ដែកមួយកន្លែង តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ វៀវ សម ភេទស្រី អាយុ៥៥ឆ្នាំ ស្នាក់នៅភូមិគំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។ ហើយសំភារៈដែលបាត់បង់នោះមានលុយចំនួន៣០មុឺនរៀល និងទូរសព្ទ២គ្រឿង ។
ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូម៉ាក NEX ពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ DH 6148 ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សុី ក្នុងទិសដៅពីកើតទៅលិច មកពីរកទិញថ្នាំនៅមន្ទីរពេទ្យកាល់ម៉ែត្របំណងត្រលប់ទៅផ្ទះវិញ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ មិនចាំស្លាកលេខមានគ្នា២នាក់មកធ្វើសកម្មភាពឆក់កាបូបស្ពាយពីរូបគាត់បណ្តាលអោយរូបគាត់ដួលទៅនិងថ្នល់ ចំណែកកាបូបត្រូវជនសង្ស័យឆក់បានសម្រេចហើយគេចខ្លួនបាត់ដោយសុវត្តិភាព ។
ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ ដើម្បីសុំការអន្តរាគមន៍ ៕
https://youtu.be/70AqZlRuQQw
មតិយោបល់