កណ្តាលៈ ជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួន ពាក់ពន្ធ័នឹងករណីគ្រឿងញៀន ដែលការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៥និង៣០នាតី ល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
ជនសង្ស័យទាំង៤នាក់ខាងលើនេះ ទី១មានឈ្មោះ អឿន ចន្ថា ហៅក្តោប ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងជួសជុលទូរសព្ទ ស្នាក់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ ទី២ឈ្មោះ ធិន ចាន់សីលា ហៅម៉ាប់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ ទី៣ឈ្មោះ យ៉ុន យ៉ុម ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល និងជនសង្ស័យទី៤ឈ្មោះ អ៊ុត ចំរើន ហៅតឿ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
ក្នុងនោះដែរសមត្ថកិច្ចធ្វើការដកហូតបាន ម្សៅក្រាមពណ៌សសង្ស័យថាគ្រឿងញៀន (ម៉ាទឹកកក) ចំនួន ៥កញ្ចប់ ក្នុងនោះមាន១កញ្ចប់ធំ ,២កញ្ចប់មធ្យម និង២កញ្ចប់តូច,ទូរសព្ទដៃគ្រឿង១គ្រឿង ម៉ាក IPhone។
មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយបានដើរល្បាត ក្នុងភូមិសាស្រ្តភូមិព្រែករុនក្រោម ឃុំព្រែកគយ បានប្រទះ ឃើញឈ្មោះ អ៊ុត ចំរើន ក៏ឃាត់ធ្វើការត្រួតពិនិត្យឃើញគ្រឿងញៀនចំនួន១កញ្ចប់តូច នៅកញ្ចប់បារី រួចឃាត់ខ្លួនយកមកអធិការដ្ឋានដើម្បីសាកសួរ។ តាមចម្លើយសារភាពរបស់ឈ្មោះ អ៊ុត ចំរើន ថាខ្លួនបានទិញថ្នាំញៀន ពីឈ្មោះ ធិន ចាន់សីលា ហៅម៉ាប់ ចំនួន១កញ្ចប់ តម្លៃ២០,០០០រៀល។ នៅវេលាម៉ោង៩ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ដោយមានការចង្អុលបង្ហាញពី លោកស្នងការនគរបាលខេត្តកណ្តាល លោកស្នងការរងប្រឆាំងបទល្មើស និងមានការសម្របសម្រួល ពីលោក លាវ ស្រេង ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាល លោកអធិការនគរបាលស្រុកស្អាង បានដឹកនាំកម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ បានចុះទៅចំណុចផ្ទះរបស់ឈ្មោះ ធិន ចាន់សីលា ហៅម៉ាប់ ស្ថិតក្នុងភូមិក្នុងព្រែក ឃុំព្រែកគយ ក៏ប្រទះឃើញជនសង្ស័យនៅក្រោមផ្ទះ ពេលនោះសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យដើម្បីសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ធិន ចាន់សីលា ហៅម៉ាប់ បានសារភាពថា ខ្លួនបានទៅទិញគ្រឿងញៀនចំនួន១កញ្ចប់តម្លៃ ២០,០០០រៀល ពីឈ្មោះ អឿន ចាន្ថា ដើម្បីយកទៅលក់ឲ្យឈ្មោះ អ៊ុត ចំរើនក្នុង១កញ្ចប់ តម្លៃ២០,០០០រៀល ពិតប្រាកដមែន ។ ហើយនៅវេលាម៉ោង ១១និង០៥នាទី ថ្ងៃខែឆ្នាំដដែលកម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍នគររដ្ឋបាលព្រែកគយ បន្តចុះទៅឃាត់ខ្លួន ឈ្មោះអឿន ចាន្ថា ហៅក្តោប នៅផ្ទះ ក្នុងភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ។ ពេលនោះកំលាំងសមត្ថកិច្ច បានឃាត់ខ្លួនឈ្មោះ អឿន ចាន្ថា ហៅក្តោប និងឈ្មោះ យ៉ុន យ៉ុម រួមទាំងវត្ថុតាង ថ្នាំញៀន៤កញ្ចប់។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះអឿន ចន្ថា ហៅក្តោប បានសារភាពថាខ្លួន បានទិញថ្នាំញៀន ពីឈ្មោះ ហោ នៅភូមិព្រែករុនក្រោយ ឃុំព្រែកគយ ស្រុកស្អាង តម្លៃ ៦០០,០០០រៀល ដើម្បីចែកចាយបន្ត ។ បន្ទាប់មក សមត្ថកិច្ចនគរបាន បញ្ជូនជនសង្ស័យរួមទាំងវត្ថុតាង មកអធិការដ្ឋាននគរបាលស្រុកស្អាង អនុវត្តតាមនីតិវិធីច្បាប់ ៕




https://youtu.be/90w2TmgYuws
មតិយោបល់