ព័ត៌មានសេដ្ឋកិច្ច

អគ្គនាយកដ្ឋានពន្ធដារ៖ មានជនខិលខូច ជំរិតទារប្រាក់ពីអ្នកជាប់ពន្ធម៉ៅការ សូមប្រយ័ត្ន!

កាលពីម្សិលមិញនេះ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹងថា មានជនខិលខូច បានបោកបញ្ឆោតតាមគ្រប់រូបភាព ជំរិតទារប្រាក់ពី ប្រជាពលរដ្ឋ ក្រោមរូបភាពចុះធ្វើសវនកម្ម ឬចុះត្រួតពិនិត្យជាដើម។

ជនខិលខូចទាំងនោះ បានបោកបញ្ឆោតដល់ប្រជាពលរដ្ឋជាអ្នកជាប់ពន្ធ ដែលធា្លប់ស្ថិតក្នុងរបបម៉ៅការ ដែលបច្ចុប្បន្នមានផលរបរ ស្ថិតក្រោមកម្រិតត្រូវជាប់ពន្ធ។

ចាប់ពីឆ្នាំ ២០១៦មក រដ្ឋាភិបាលកម្ពុជា បានសម្រេចមិនយកពន្ធទៅលើ ប្រជាពលរដ្ឋដែលប្រកបអាជីវកម្មតូចតាច ពោលគឺមានផលរបរប្រចាំឆ្នាំក្រោម ២៥០លានរៀល។

អគ្គនាយកដ្ឋានពន្ធដារ ពុំធ្លាប់មានគោលការណ៍ចុះធ្វើសវនកម្ម ឬចុះត្រួតពិនិត្យលើប្រជាពលរដ្ឋ ប្រកបអាជីវកម្មតូចតាចនោះទេ។

អាស្រ័យហេតុនេះ សូមអ្នកជាប់ពន្ធទាំងអស់ ដែលធ្លាប់ស្ថិតក្នុងរបបម៉ៅការ មេត្តាជ្រាប និងចូលរួមសហការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

មតិយោបល់