ព័ត៌មានជាតិ

ផ្ទុះហិង្សា នាំបងប្អូនទៅចាក់គេមួយកាំបិតចំទ្រូង ជាប់ខ្នោះសមត្ថកិច្ច

ព្រៃវែងៈ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋានននគរបាលស្រុកព្រះស្តេច បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទហិង្សាដោយចេតនា បន្ទាប់ពីជនសង្ស័យទាំង៣នាក់បងប្អូន បានផ្ទុះហិង្សារជាមួយនឹងភាគីម្ខាងទៀត រួចយកកាំបិតទៅចាក់លើបុរសម្នាក់ចំទ្រូងបណ្តាលឲ្យរបួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិត្រពាំងប្របុស ឃុំសេនារាជឧត្ដម ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

លោកវរសេនីយ៍ទោ ជៃ សេងហ៊ាង អធិការនគរបាលស្រុកព្រះស្តេច បានឲ្យដឹងថា ក្នុងករណីនេះបង្កឡើងដោយជនសង្ស័យចំនួន៣នាក់ ដែលជាបងប្អូនបង្កើត ទី១ឈ្មោះ រុន វៀច ភេទប្រុស អាយុ២៧ឆ្នាំ ទី២ឈ្មោះ រុន តាក់ ភេទប្រុស អាយុ២០ ឆ្នាំ និងទី៣ឈ្មោះ រុន ខី ភេទប្រុស អាយុ ១៨ឆ្នាំ អ្នកទាំង៣នាក់ មានទីលំនៅភូមិរកាជួទី១ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដោយបានប្រើហិង្សាយក កូនកំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះចំនួន២នាក់ ទី១ឈ្មោះ ឈន ដារ៉ា ភេទប្រុសអាយុ១៨ឆ្នាំ ភូមិត្រពាំងប្របុស ឃុំសេនារាជឧត្ដម ស្រុកព្រះស្ដេច រងរបួស១កន្លែងចំទ្រូងខាងស្ដាំរបួសធ្ងន់បញ្ជួនទៅពេទ្យកាល់ម៉ែតភ្នំពេញ និងម្នាក់ទៀតឈ្មោះ សេង គឹមហួ ភេទប្រុស អាយុ២១ឆ្នាំ ភូមិត្រពាំងប្របុស ឃុំសេនារាជឧត្ដម ស្រុក ព្រះស្ដេច រងរបួសបាតដៃខាងស្ដាំរបួសស្រាល។

ក្រោយពេលកើតហេតុ រហូតមកដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ សមត្ថកិច្ចបានសហការជាមួយមន្ត្រីជំនាញបានចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ រុន វៀច ភេទប្រុស អាយុ ២៦ឆ្នាំ។ ចំណែក២នាក់ទៀតរត់គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធីច្បាប់ ចំណែកបក្ខពួក២នាក់ទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនដូចគ្នា ៕

មតិយោបល់