ព័ត៌មានជាតិ

ជិះម៉ូតូមកលេងមិត្តភ័ក្របែរជាជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តបើកកៀររងរបួសធ្ងន់

ភ្នំពេញ: នារីម្នាក់រងរបួសក្បាលធ្ងន់សន្លប់ស្តូកស្តឹង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តមិនចាំម៉ាកបើកបត់កៀរម៉ូតូលេត ហើយរថយន្តបើករត់ចូលទៅក្នុងបុរីបាត់ គ្រាដែលនារីរងគ្រោះជិះម៉ូតូមកពីខេត្តកំពង់ចាម មកលេងមិត្តភ័ក្រនៅទីក្រុងភ្នំពេញ កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៣ មុខច្រកចូលបុរីធូលន ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

នារីរងគ្រោះឈ្មោះ ថេន ណាវីន អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ២ មានស្រុកកំណើតភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ នារីរងគ្រោះ ជិះម៉ូតូលេត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ចាម 1U-0340 ធ្វើដំណើរតាមផ្លូវជាតិលេខ៣ ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបើកច្រាសទិសបត់ឆ្លងផ្លូវ មកកៀរម៉ូតូដួលហើយ បន្ថែមល្បឿនបើករត់ចូលក្នុងបុរីធូលនបាត់ ។

ក្រោយកើតហេតុ នារីរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម: រីឯម៉ូតូត្រូវបាននគរបាលយកទៅរក្សាទុកនៅប៉ុស្តិ៍ចោមចៅ២ ៕

មតិយោបល់