កណ្តាល: ភ្នាក់ងារPost Newsបានឲ្យដឹងថា នៅខេត្តកណ្តាលមានករណីស្ត្រីម្នាក់ ប្រើល្បិចខ្ចីលុយ និងទ្រព្យសម្បត្តិពីមិត្តភក្តិ យកទៅបញ្ចាំ និងលក់ជាបន្តបន្ទាប់ អស់ជិត១ម៉ឺនដុល្លារ លុះពេលម្ចាស់លុយទារឲ្យសង មិនសងត្រូវស្រ្តីរងគ្រោះប្តឹង រហូតដល់សាលាដំបូងខេត្តកណ្តាលចេញដីការបង្គាប់ ឲ្យកម្លាំងអាវុធហត្ថស្រុកកៀនស្វាយ ឃាត់ខ្លួននាំយកមកសាកសួរ ខណៈដែលស្ត្រីសង្ស័យកំពុងបើករថយន្តនៅតាមដងផ្លូវ លុះបញ្ជូនទៅដល់តុលាការក្រោយលោក អ៊ី សុវណ្ណ ចៅក្រុមស៊ើបសួររួចក៏សម្រេចបញ្ជូនយកទៅដាក់ពន្ធនាគារតែម្តងកាលពីព្រឹកថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៧ ចំណែករថយន្តមួយគ្រឿងរបស់ស្ត្រីសង្ស័យត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅរក្សាទុកដោយខ្លួនឯង ។
ស្ត្រីដែលត្រូវលោក អ៊ី សុវណ្ណ សម្រេចឃុំខ្លួននោះឈ្មោះ អៀត សារឹម ភេទស្រីអាយុ៥១ឆ្នាំជនជាតិខ្មែរ មានមុខរបរលក់កាបូបរស់ភូមិស្តៅកន្លែង ឃុំដីឥដ្ធ ស្រុកកៀនស្វាយខេត្តកណ្តាល ជិះរថយន្តមួយ គ្រឿងម៉ាកលុច្យស៊ីសសេរី៤៧០ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2J 6242 ចំណែកជនរងគ្រោះមានឈ្មោះ សុខ សោភ័ណ្ណ ភេទស្រី អាយុ៥០ឆ្នាំ ស្នាក់នៅភូមិគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
លោក លាវ ស្រេង ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាលបានប្រាប់ភ្នាក់ងារPost Newsថា ស្រ្តីខាងលើត្រូវបានកម្លាំង អាវុធហត្ថស្រុកកៀនស្វាយឃាត់ខ្លួនទៅតាមដីការបង្គាប់ឲ្យនាំខ្លួនរបស់លោក អ៊ី សុវណ្ណ ចៅក្រុម ស៊ើបសួរសាលាដំបូងខេត្តកណ្តាល ចំណែករថយន្តដែលស្ត្រីខាងលើកំពុងជិះនោះត្រូវប្រគល់ទៅឲ្យ ក្រុមគ្រួសារវិញ ព្រោះការឃាត់ខ្លួនគឺយើងឃាត់តែជនសង្ស័យនោះទេ ចំណែកអ្វីក្រៅពីមនុស្សដែល យើងត្រូវឃាត់គឺយើងមិនឃាត់នោះទេ។
បើយោងដីការបង្គាប់លោក អ៊ី សុវណ្ណ បានឲ្យដឹងថា ជនសង្ស័យត្រូវបាននាំខ្លួនយកមកសាកសួរនៅ សាលាដំបូងដោយចោទប្រកាន់ពីបទរំលោភលើសេចក្តីទុកចិត្ត ប្រព្រឹត្តនៅក្នុងភូមិគគីរ ឃុំគគីរ ស្រុកកៀន ស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី២៣ខែមេសា ឆ្នាំ២០១៦ តាមបញ្ញាតិមាត្រា៣៩១មាត្រា២៩នៃក្រម ព្រហ្មទណ្ឌ ។
បើតាមស្ត្រីរងគ្រោះវិញបានឲ្យដឹងដែរថា ស្ត្រីសង្ស័យត្រូវជាមិត្តភក្តិរបស់គាត់ហើយធ្លាប់រកស៊ីជាមួយ គ្នាដោយមានទំនាក់ទំនងជិតដិតផងដែរ ដោយមុនដំបូងបានខ្ចីលុយ៧០០ដុល្លាររួចបានខ្ចី៨០០ដុល្លារ ទៀត ក្រោយមកបានខ្ចី១០០០ដុល្លារ និងបានខ្ចីខ្សែដៃ ខ្សែក រួមនិងគ្រឿងសង្ហារឹមផងដែរសរុបជាទឹក ប្រាក់ជិត១ម៉ឺនដុល្លារ លុះក្រោយមកគាត់ត្រូវការលុយពេលទៅសួរនាំយកមកវិញស្រាប់តែស្ត្រីសង្ស័យ ចេះតែដោះសារថ្ងៃនេះថ្ងៃនោះគេចវេសមិនព្រមសង ទើបគាត់សម្រេចចិត្តដាក់ពាក្យបណ្តឹងរហូតដល់ ប្រព័ន្ធតុលាការខេត្តកណ្តាលឲ្យជួយរកយុត្តិធម៌ជូនពួកគាត់ ។ ហើយអ្វីដែលគាត់សប្បាយចិត្តនោះគឺ តុលាការបានជួយរកយុត្តិធម៌ជូនគាត់ដោយសម្រេចនាំខ្លួនស្រ្តីសង្ស័យយកទៅដាក់ពន្ធនាគារឲ្យទទួល ទោសទៅតាមទង្វើរបស់គេ ៕
មតិយោបល់