ព័ត៌មានជាតិ

សិប្បកម្មកែច្នៃឈើប្រណីតដ៏ធំមួយកន្លែង នៅសង្កាត់កំពង់ប្រណាក សង្ស័យគ្មានច្បាប់

ព្រះវិហារៈ សិប្បកម្មកែច្នៃឈើប្រណីតធំមួយកន្លែង ធ្វើ តុ ទូ កៅអី នៅក្បែររោងចក្រអគ្គិសនីខេត្ត ស្ថិតនៅភូមិទ្បឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ត្រូវបានប្រជាពលរដ្ឋនៅមូលដ្ឋានរាយការណ៍ថា ធ្វើអាជីវកម្មយ៉ាងរលូន ប៉ុន្តែវាគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើនោះទេ។

សេចក្តីរាយការណ៍ បានឲ្យដឹងថា រោងសិប្បកម្មកែច្នៃឈើប្រណីតរាប់សិបកន្លែងក្នុងទីរួមខេត្តព្រះវិហារ រួមទាំងរោងសិប្បកម្មកែច្នៃ ឈើប្រណីតធំៗនៅស្រុកជ័យសែនភាគច្រើនមិនទាន់បន្តរត់ការធ្វើច្បាប់អនុញ្ញាតនៅទ្បើយទេ សម្រាប់ឆ្នាំ២០១៦នេះ។

ប្រភពព័ត៌មានបានឲ្យដឹងថា រោងសិប្បកម្មកែច្នៃឈើប្រណីតនេះមានតាបម៉ាស៊ីនចំនួន២គ្រឿង ដែលជារបស់ឈ្មួញម្នាក់ឈ្មោះ ធី ។ សព្វថ្ងៃមមាញឹកធ្វើកៅអីទ្បាវឲ្យអតិថិជនក្នុងស្រុកអាចផលិតបានចំនួន១០០កៅអី ក្នុងមួយខែ។ ប្រជាពលរដ្ឋនិយាយថា កៅអីទ្បាវ ០១ថ្លៃ៤០ដុល្លារអាមេរិក ហើយម្ចាស់សិប្បកម្មអាចចំណេញចំនួន១០ដុល្លារ អាមេរិកក្នុងកៅអីមួយ។

លោក ធី ម្ចាស់រោងសិប្បកម្ម បានឲ្យដឹងថា គាត់ពិតជាមិនទាន់រត់ការសុំច្បាប់អនុញ្ញាតបន្តអាជីវកម្មនៅទ្បើយទេ សម្រាប់ឆ្នាំ២០១៦នេះ ដោយសារការងារមុខរបរមិនសូវសម្បូរអតិថិជនមកកុម្ម៉ង់ធ្វើដូចឆ្នាំមុន។ គាត់ធ្លាប់រត់ការធ្វើច្បាប់បើករោងសិប្បកម្មកែច្នៃឈើប្រណីតឆ្នាំមុនៗអស់ចំនួនប្រមាណ២ពាន់ដុល្លារអាមេរិក។ គាត់ត្រូវបង់លុយនៅសាលាសង្កាត់សាលាក្រុងរហូតដល់សាលាខេត្តព្រះវិហារ ដែលជាអាជ្ញាធរដែនដីថែមទៀត។ ពាក់ព័ន្ធនឹងរោងសិប្បកម្មកែច្នៃឈើប្រណីត កើតមានរាប់សិបកន្លែង អ្នកសារព័ត៌មានយើងមិនទាន់បានសុំការបំភ្លឺពីអាជ្ញាធរខេត្តព្រះវិហារ បាននៅឡើយទេ៕

vi

មតិយោបល់