ព័ត៌មានជាតិ

បុរសខ្មែរឥស្លាមម្នាក់បោកម៉ូតូអ្នកជិតខាងហើយគេចខ្លួនបាត់ ទុកឲ្យប្រពន្ធមានផ្ទៃពោះ៨ខែ រ៉ាប់រងជំនួស

ភ្នំពេញ: ស្ត្រីម្នាក់បានទៅដាក់ពាក្យបណ្ដឹង សូមឲ្យនគរបាលប៉ុស្ដិ៍ចោមចៅជួយអន្តរាគមន៍ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីចាញ់បោកបុរសជនជាតិខ្មែរឥស្លាមម្នាក់ អស់ម៉ូតូ១គ្រឿង កាលពី២ថ្ងៃមុន ដោយជននោះបានខ្ចីជិះហើយយកទៅបញ្ចាំ ប៉ុន្តែបានប្រាប់ប្រពន្ធថា ត្រូវជនម្នាក់ទៀតខ្ចីជិះបន្តយកទៅបញ្ចាំទេមិនមែនខ្លួនជាអ្នកបញ្ចាំឡើយ។ ខណ:នោះហេតុតែប្រពន្ធមិនចង់ឲ្យប្ដីមានបញ្ហា ក៏នាំទៅលោះយកមកវិញបានហើយ ស្រាប់តែជននោះមិនព្រមយកម៉ូតូទៅប្រគល់ឲ្យម្ចាស់គេវិញឡើយ គឺបានយកម៉ូតូ នោះជិះគេចខ្លួនបាត់បន្តទៀត ចោលប្រពន្ធមានផ្ទៃពោះ៨ខែ ហើយក៏ត្រូវបាន ម្ចាស់ម៉ូតូនាំទៅកាន់ប៉ុស្ដិ៍ចោមចៅ ដើម្បីដោះស្រាយគ្នាផងដែរ។

ជនសង្ស័យខាងលើនោះមានឈ្មោះ អ៊ី ក្រេះម៉ាស៊្រី អាយុ៣១ឆ្នាំ មានស្រុកកំណើតភូមិអូរប្រាំ ឃុំស្ទឹងត្រង់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយមានប្រពន្ធឈ្មោះ កេង សុភាព អាយុ២៦ឆ្នាំ មានផ្ទៃពោះ៨ខែ មានស្រុក កំណើតនៅក្នុងភូមិតុំ ឃុំចម្ការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ស្នាក់នៅផ្ទះជួលនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនខាងលើបានឆបោកយកម៉ូតូ១គ្រឿង ម៉ាកហុងដាស៊ុបភើគុប ចង្កៀងមូល (អាគុបតឿ) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1BN-9643 ដែលជាកម្មសិទ្ធិរបស់ស្រ្តីម្នាក់ ឈ្មោះ ជុំ ម៉ាច អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួល ក្នុងភូមិជាមួយគ្នា និងមានស្រុកកំណើត នៅក្នុងភូមិគន្ធាម ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ដោយឡែកជនម្នាក់ទៀត ដែលឈ្មោះ អ៊ី ក្រេះម៉ាស្រ៊ី ប្រាប់ប្រពន្ធថាបានខ្ចីម៉ូតូនោះ បន្តយកទៅបញ្ចាំនោះ ឈ្មោះ ម៉ៅ អាយុប្រហែលជាង២០ឆ្នាំ ស្នាក់នៅម្ដុំផ្សារព្រៃទា ភូមិព្រៃទា សង្កាត់ចោមចៅ។

តាមប្រភពព័ត៌មានបានឲ្យភ្នាក់ងារ Post Newsដឹងថា កាលល្ងាចពីថ្ងៃទី៦ ខែមីនា ជនខិលខូចដែលជាជនជាតិខ្មែរឥស្លាមម្នាក់នោះ បានខ្ចីម៉ូតូពីស្រ្តីខាងលើជិះ ដោយប្រាប់ថា ខ្ចីតែមួយភ្លែតប៉ុណ្ណោះ ស្រាប់តែយកទៅបាត់ស្រមោលរហូត។ ក្រោយមកបានទៅប្រាប់ប្រពន្ធថា មានអ្នកស្គាល់គ្នា ឈ្មោះ ម៉ៅ ខ្ចីជិះបន្ត ហើយបានយកម៉ូតូនោះទៅដាក់បញ្ចាំក្នុងតម្លៃ៨០ដុល្លារ។ ប៉ុន្តែបានដោះសារប្រាប់ប្រពន្ធខ្លួនឯងថា មិនមែនខ្លួនជាអ្នកបញ្ចាំនោះទេ គឺមានជនម្នាក់ទៀត ឈ្មោះ ម៉ៅ ដែលជាអ្នកស្គាល់គ្នា បានខ្ចីជិះបន្តហើយ បានយកទៅបញ្ចាំ។ បន្ទាប់មកស្រ្តីជាប្រពន្ធ បានឲ្យប្ដីនោះទូរសព្ទទៅសុំលុយម្ដាយក្មេក (ម្ដាយរបស់ប្ដី) ហើយក្រោយពេលដឹងរឿងបែបនេះ ម្ដាយក៏បានផ្ញើរលុយតាមវីង ឲ្យទៅលោះយក ម៉ូតូនោះមកឲ្យម្ចាស់ដើមវិញ។ ប៉ុន្តែពេលលោះយកបានម៉ូតូហើយនោះ ស្រាប់តែជននោះបានជិះគេចខ្លួនបាត់ ទៀត ដោយមិនព្រមយកទៅប្រគល់ឲ្យម្ចាស់គេវិញឡើយ។

ទើបពេលនោះម្ចាស់ម៉ូតូបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍ចោមចៅ ដោយនាំស្រ្តីជាប្រពន្ធជននោះ ទៅជាមួយផង ដើម្បីដោះស្រាយគ្នា ហើយនាងជាប្រពន្ធ មានផ្ទៃពោះ៨ខែ ប្រហែលជាគ្មានលទ្ធភាពរកប្រាក់សងថ្លៃម៉ូតូ ទៅជនរងគ្រោះជំនួសប្ដីនោះឡើយ៕

មតិយោបល់