អាមេរិកៈ ប្រធានាធិបតីលោក ដូណាល ត្រាំ នៅថ្ងៃអង្គារ បានប្រកាសអវសាន លើបទបញ្ជាសង្គ្រាមធ្យូងថ្ម ដោយបានចុះហត្ថលេខា ដើម្បីបញ្ចប់ច្បាប់បរិស្ថានសម័យលោក បារ៉ាក់ អូបាម៉ា ធ្វើជាប្រធានាធិបតី។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧។
នៅក្នុងដំណើរទស្សនកិច្ចលើកដំបូង ទៅទីភ្នាក់ងារការពារបរិស្ថាន លោក ត្រាំ បានបញ្ជាឲ្យពិនិត្យឡើងវិញ នៃដែនកំណត់ការបំភាយឧស្ម័នធ្យូងថ្ម និងការបញ្ឈប់ការរឹតបន្តឹងលើសហព័ន្ធ សម្រាប់ការផលិតធ្យូងថ្ម។
ការធ្វើបែបនេះ គឺក្នុងគោលបំណងពិចារណាឡើងវិញ អំពីការពិភាក្សាដេញដោល ដែលពោរពេញដោយភាពប្រទាំងប្រទើសគ្នារវាងបក្សទាំងពីរ ទៅលើផលប៉ះពាល់ដែលបណ្ដាលមកពីសកម្មភាពរបស់មនុស្សទៅលើធាតុអាកាស និងដើម្បីបញ្ជាក់ពីការព្រួយបារម្ភកាន់តែខ្លាំង បន្ទាប់ពីមើលឃើញថា ការអនុវត្តកិច្ចព្រមព្រៀងអាកាសធាតុសាកលលោករាប់ទសវត្សរ៍មកនេះ ប្រហែលជាអាចដោះស្រាយបាន។
លោក ត្រាំ បាននិយាយថា «វិធានការនេះ នឹងជាសករាជថ្មី ក្នុងវិស័យថាមពល និងផលិតកម្មរបស់អាមេរិក ដើម្បីបង្កើតការងារ»។
ក្រុមអ្នករិះគន់ បានលើទ្បើងថា ការសើរើឡើងវិញនូវច្បាប់បរិស្ថានសម័យលោក អូបាម៉ា ដើម្បីលុបបំបាត់ច្បាប់នេះចោល ដូចជាមិនទំនងធ្វើឲ្យមានលទ្ធផល នៅក្នុងការជំរុញដល់ផលិតកម្ម ឬដើម្បីបង្កើតតួលេខការងារច្រើននោះទេ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ មន្ត្រីជាន់ខ្ពស់សេតវិមានមួយរូប បានប្រាប់អ្នកសារព័ត៌មាន កាលពីយប់ថ្ងៃចន្ទថា លោក ត្រាំ ជឿជាក់ថា លោកអាចធ្វើឲ្យមានសមតុល្យចំពោះគោលបំណងពីរក្នុងពេលតែមួយ ដែលនោះ គឺការការពារបរិស្ថាន និងការជំរុញឲ្យមានផលិតកម្មថាមពល នៅក្នុងសហរដ្ឋអាមេរិក ដោយផ្ដោតសំខាន់លើសេដ្ឋកិច្ច ដែលវាជាកត្តាដ៏ចម្បងនៅពីក្រោយបទបញ្ជាប្រធានាធិបតីនេះ៕
មតិយោបល់