ព័ត៌មានជាតិ

Update : ចាប់បានជនបង្កបើករថយន្តបុកមនុស្សស្លាប់២នាក់នៅផ្លូវហាន់ណូយសង្កាត់ឃ្មួញហើយ

ភ្នំពេញ: ភ្នាក់ងារPost Newsបានឲ្យដឹងថា ករណីរថយន្តធុនធំម៉ាកនីសសាន់កិនពីក្រោយម៉ូតូឌ្រីមសេ១២៥ ខណៈកំពុងធ្វើដំណើរជិះម៉ូតូឌុបគ្នាបណ្តាលឲ្យយុវជន២នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុបានចាប់បានជនបង្កហើយ ។

ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ បង្កអោយមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៥និង១០ល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវហាន់ណូយ ភូមិបន្លារស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញយុវជនពីរនាក់ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1DF-5373 ទិសដីពីត្បូងទៅជើងតាមបណ្តោយផ្លូវហាន់ណូយ លុះបើកមកដល់កន្លែងកើតហេតុម៉ូតូជនរងគ្រោះបានទាក់ដៃចង្កូតជាមួយម៉ូតូកង់៣ ហើយក៏ត្រូវរថយន្តម៉ាកនីសាន់ដឹកឥដ្ឋពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ 3A-3633 បើកបរពីក្រោយ បុកយ៉ាងពេញទំហឹងខ្ទាតជនរងគ្រោះទាំង២នាក់ប្រហែលជាង១០ម៉ែត្របណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុខណៈនោះអ្នកបើករថយន្តមិនព្រមឈប់ទេទោះជាម៉ូតូកើលក្រោមរថយន្តក៏ដោយគឺបន្តអូសម៉ូតូពីក្រោមរថយន្តប្រមាណជាង១០០ម៉ែត្រទើបរថយន្តទៅមុខលែងរួចហើយឈប់នៅកន្លែងកើតហេតុតែម្តង ។

សពជនរងគ្រោះទាំង២នាក់នោះទី១ ឈ្មោះ ជួន បញ្ញារិទ្ធិ ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យទួលប្រាសាទសែនសុខ បច្ចុប្បន្នស្នាក់នៅភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ចំណែកសពយុវជន រងគ្រោះទី២ មិនត្រូវបានស្គាល់អត្តសញ្ញាណទេ ។ ចំណែកតៃកុងរងរថយន្តបង្កឈ្មោះ ផាន់ សាវ៉ន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកបរ ស្នាក់នៅភូមិព្រែកអញ្ចាញ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។ មានស្រុកកំណើតនៅភូមិក្រាំងចិន ឃុំក្រាំងតាយ៉ង ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

ក្រោយកើតហេតុបន្តិចគេឃើញមានសមត្ថកិច្ចចរាចរណ៍ ខណ្ឌសែនសុខ និងនគរបាលប៉ុស្តិ៍ឃ្មួញចុះទៅដល់កន្លែងកើតហេតុដើម្បីវាស់វែង និងទាក់ទងទៅកាន់សាច់ញាតិមកទទួលសពទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកសពដែលមិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកទៅតំកល់ទុកនៅវត្តទឹកថ្លា ។

ក្នុងហេតុការណ៍នោះផងដែរគេឃើញមានបងប្អូនអ្នកដំណើរបានបញ្ចេញកំហឹង ជួយដេញចាប់តៃកុងរថយន្តវាយឡើងទ្រមខ្លួនបែកមុខមាត់និងក្បាល ហើយបានយកដុំឥតគប់បំបែករថយន្តខ្ទេច ។ ចំណែកលោក ញាណ នន នាយប៉ុស្តិ៍នគរបាលឃ្មួញ ក៏រងរបួសផងជើងផងដែរខណៈពេលចូលជួយរំដោះតៃកុងរថយន្តខាងលើពីមហាជន កុំអីតៃកុងរថយន្តបង្កនោះគ្មានដង្ហើមដកនោះទេមើលទៅ ។

តែទោះជាយ៉ាងណា រឿងខុសឬត្រូវគឺមានសមត្ថកិច្ចជំនាញធ្វើការវាស់វែង និងបានយករថយន្តបង្ករួមទាំងម៉ូតូទៅរក្សាទុកនៅការយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយទៅតាមច្បាប់នៅពេលក្រោយ ៕

https://youtu.be/fWDSeHqXtVY

មតិយោបល់