ព័ត៌មានជាតិ

Update៖ ឆេះឃ្លាំងរថយន្ត លី អាន(តាស្វិត) ផ្អើលទាំងកណ្តាលយប់!

ភ្នំពេញ: អគ្គិភ័យមួយ បានឆាបឆេះឃ្លាំងរថយន្តមួយកន្លែងយីហោ លីអាន (តាស្វិត) បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ រួមនឹងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាកងកម្លាំងរថយន្តពន្លត់អគ្គិភ័យ ចេញមកជួយអន្តរាគមន៍បានពន្លត់ទាំងកណ្តាលយប់។

ហេតុការណ៍នេះបានកើតកាលពីវេលាម៉ោង ១១និង២០នាទី យប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅឃ្លាំងយីហោ លី អាន (តាស្វិត) ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ មុខហាងបញ្ចាំនិងបង់រំលោះ លី ហួរ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពពីកម្មករនៅក្នុងឃ្លាំងខាងលើបានឲ្យភ្នាក់ងារ Post Newsដឹងថា នៅមុនពេលកើតហេតុ គឺកម្មករទាំងអស់កំពុងតែដេកលង់លក់ក្នុងដំណេក លុះនៅម៉ោងកើតហេតុ ស្រាប់តែមានអណ្តាតភ្លើង ឆេះចេញយ៉ាងសន្ធោសន្ធៅចេញពីរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ចំណុះ៥តោនបាត់ទៅហើយ។

ប្រភពដដែលបានបន្តថា ភ្លាមៗកម្មករទាំងអស់ បាននាំគ្នារត់ទៅរកទុយោទឹក និងបំពង់ពន្លត់អគ្គិភ័យមកបាញ់ តែមិនរលត់ ក៏សុំជំនួយពីសមត្ថកិច្ច ក្រោយមកក៏មានរថយន្តពន្លត់ខាងការិយាល័យបង្កា និងពន្លត់អគ្គិភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញ ចេញមកជួយបាញ់ពន្លត់ចំនួន៦គ្រឿង បាញ់អស់៤គ្រឿង ទើបរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង១២ និង១០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ។

ចំពោះការខូចខាតនៅមិនទាន់គិតជាទឹកប្រាក់អស់ប៉ុន្មាននោះទេ គ្រាន់តែដឹងថា ខូចខាតរថយន្តទាំងស្រុងចំនួន៥គ្រឿង ក្នុងនោះក្បាលរថយន្តមិនមានតួរចំនួន៤គ្រឿង និងការបណ្តាលមកពីអ្វីនៅមិនទាន់ដឹងច្បាស់នៅឡើយដែរ តែក៏មិនមានអ្នករងរបួសគ្រោះថ្នាក់ក្នុងហេតុការណ៍នេះឡើយ៕

មតិយោបល់