ព័ត៌មានជាតិ

Update៖គ្រាន់តែប្រាប់ថា កុំនិយាយគ្នាឭៗពេកគេដេកពួន! យុវជនម្នាក់ត្រូវគេកាប់នឹងកាំបុតបុត័តោចំក្បាលដេរជាច្រើនថ្នេរ

ភ្នំពេញៈ យុវជនម្នាក់ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ បន្ទាប់ពីត្រូវយុវជនម្នាក់ទៀតកាប់នឹងកាំបិតបុ័ងតោ ចំក្បាលបណ្តាលឲ្យរងរបួសដេរ អស់ជាច្រើនថ្នេរ។

យុវជនខាងលើបានមកប្តឹងសមត្ថកិច្ចកាលពីវេលាម៉ោង១១ និង១៥នាទី ថ្ងៃទី៣០ខែមីនា ឆ្នាំ២០១៧ នៅប៉ុស្តិ៍នគរបាលចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះខាងលើមានឈ្មោះ សឹម សុផល អាយុ៣០ឆ្នាំ មុខរបរកម្មកសំណង់ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិត្រពាំងលែង ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ចំណែកជនសង្ស័យដែលរងការចោទប្រកាន់ថាយកកាំបិតបុ័ងតោ កាប់មកលើជនរងគ្រោះខាងលើនេះ មានឈ្មោះ ភ័ក្រ អាយុជាង៣០ឆ្នាំ មុខរបរកម្មករសំណង់ដូចគ្នា ស្នាក់នៅភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិអូរស្នួល ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យភ្នាក់ងារ Post Newsប្រចាំខណ្ឌពោធិ៍សែនជ័យដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង១០ និង៣០នាទី យប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ជនសង្ស័យនិងយុវជនម្នាក់ទៀត ឈ្មោះ ភ័ក្រ ដូចគ្នា បានជែកគ្នាខ្លាំងៗ នៅមុខបន្ទប់ខ្លួន ។ ពេលនោះជនរងគ្រោះបានចេញមកប្រាប់ថា កុំជជែកគ្នាឮៗពេក គេដេកគេពួន ! ខណៈនោះស្រាប់តែជនបង្ក បានទាញកាំបិតបុ័ងតោ ចេញពីក្នុងកាបូបស្ពាយ កាប់មកលើជនរងគ្រោះជាច្រើនកាំបិតតែម្តង ។ ក្រោយពីធ្វើសកម្មភាពកាប់មកលើជនរងគ្រោះរួច ជនសង្ស័យក៏បបួលបក្ខពួក៥នាក់ផ្សេងទៀតជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

ចំណែកជនរងគ្រោះក៏បានទៅមន្ទីរពេទ្យដែលនៅក្បែរនោះ ដើម្បីព្យាបាលរបួសនិងដេរមុខរបួស លុះព្រឹកឡើងនៅវេលាកើតហេតុខាងលើ ទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅដើម្បីឲ្យជួយអន្តរាគមន៍រកយុត្តធម៌ឲ្យខ្លួនតែម្តង៕

https://youtu.be/57GUNs30LiU

មតិយោបល់