ព័ត៌មានជាតិ

ឆក់ឥតល្ហែ! ម្តងនេះឆក់កាបូបចំស្ត្រីជានគរបាលនៅបណ្ឌិត្យសភានគរបាលកម្ពុជា បានសម្រេច បណ្តាលឲ្យដួលរបួសបែកក្បាល

ភ្នំពេញៈ ស្រ្តីម្នាក់ដែលជានគរបាលនៅបណ្ឌិត្យសភានគរបាលកម្ពុជា បានរងរបួសបែកក្បាលហូរឈាមយ៉ាងធ្ងន់ធ្ងរ ជាមួយប្តីរបស់គាត់ បន្ទាប់ពីត្រូវចោរថ្លើមធំ ឆក់កាបូបបានសម្រេច ពេលពួកគាត់កំពុងជិះម៉ូតូឌុបគ្នានៅលើដងផ្លូវ បណ្តាលឲ្យម៉ូតូដួលបោកនឹងថ្នល់មួយទំហឹង។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥ និង៣០ នាទីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវមុន្នីវង្ស ក្បែរនឹងផ្សារវៀតណាម ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមសម្តីរបស់ស្រ្តីរងគ្រោះ ដែលពាក់ឯកសណ្ឋានជាមន្ត្រីនគរបាល បានឲ្យភ្នាក់ងារ Post Newsដឹងថា គាត់ជាមន្ត្រីនគរបាលនៅបណ្ឌិត្យសភានគរបាលកម្ពុជា ហើយមុនពេលកើតហេតុគាត់ បានជិះម៉ូតូជាមួយប្តីរបស់គាត់ចេញពីផ្ទះ ដើម្បីជូនគាត់ជាប្រពន្ធទៅធ្វើការ ខណៈដែលប្តីរបស់គាត់ជិះម៉ូតូគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1FD-3326 បានឌុបគាត់ជិះធ្វើដំណើរតាមបណ្តោយផ្លូវមុន្នីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែមកដល់កន្លែងកើតហេតុ ក៏លេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានជិះតាមម៉ូតូរបស់ជនរងគ្រោះ ពីក្រោយ ហើយជនសង្ស័យក៏បានធ្វើសកម្មភាព ឆក់ទាញកាបូបពីស្ត្រីជាមន្ត្រីនគរបាលដែលកំពុងស្ពាយជាប់ខ្លួននោះ បណ្តាលឲ្យគាត់ដែលអង្គុយពីក្រោយ ធ្លាក់ផ្ងារក្រោយ បោកក្បាលនឹងថ្នល់មួយទំហឹង បែកហូរឈាមស្រោចពេញខ្លួន ហើយចំណែកប្តីរបស់គាត់ដែលកំពុងជិះម៉ូតូនោះក៏ទប់ចង្កួតមិនបានក៏ ដួលម៉ូតូប្រ៉ាវរងរបួសធ្ងន់ធ្ងរផងដែរ ហើយនៅពេលជនសង្ស័យឆក់កាបូប ពីរងគ្រោះបានសម្រេចហើយនោះ ក៏ជិះម៉ូតូគេចចេញទៅបាត់ដោយសុវត្ថិភាពតែម្តង ។

ស្ត្រីរងគ្រោះដែលជាមន្ត្រីនគរបាលខាងលើបានបញ្ជាក់ថា កាបូបដែលត្រូវចោរឆក់យកទៅនោះ គ្មានវត្ថុមានតម្លៃអ្វីទេ គឺមានតែម្សៅនិងគ្រឿងម៉ាកក្រយេ តែប៉ុណ្ណោះ ។

ក្រោយកើតហេតុជនរងគ្រោះទាំងប្តីនិងប្រពន្ធ ត្រូវបានប្រជាពលរដ្ឋជួយហៅ រថយន្ដសាមុយដឹក បញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ភ្លាមៗ ហើយចំណែកម៉ូតូរបស់ជនរងគ្រោះត្រូវសមត្ថកិច្ចមូលដែលចុះមកនោះ យកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាល បឹងកេងកង ៣ ដើម្បីរង់ចាំសាច់ញាតិមកទទួលយកត្រឡប់ទៅវិញ៕

មតិយោបល់