ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ លោក អ៊ី ថាវរៈ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម សម្រេចផ្តន្ទាទោស បុរសម្នាក់ជាអនុប្រធានការិយាល័យ ត្រួតពិនិត្យគម្រោង នៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដាក់ពន្ធនាគារ កំណត់រយៈពេល ២ឆ្នាំ អនុវត្តទោសត្រឹមតែ១ឆ្នាំតែប៉ុណ្ណោះ និងពិន័យជាប្រាក់ចំនួន ៦លានរៀលចូលជាថវិការដ្ឋ។
ជនជាប់ចោទឈ្មោះ ឡាយ ថារ័ត្ន ភេទប្រុស អាយុ ៣៣ឆ្នាំ មានតួនាទីជា អនុប្រធានការិយាល័យ ត្រួតពិនិត្យគម្រោងនៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា ត្រូវបានសមត្ថកិច្ច នៃអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ និងត្រូវបានលោក លី សុផាណា តំណាងអយ្យការ ចោទប្រកាន់ពីបទ វីតិក្រម ប្រព្រឹត្តកាលពីអំឡុងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងការទាមទារ ប្រាក់ចំនួន ១០០០ដុល្លារ ពីក្រុមហ៊ុនបរទេសមួយ ដែលមករកស៊ី នាំចូល សម្លៀកបំពាក់ កីឡាមកកម្ពុជា បទល្មើសដែលមានចែង ឲ្យផ្តន្ទាទោស តាមប្បញ្ញត្តិមាត្រា ៥៩២ នៃក្រមព្រហ្មទណ្ឌ។
លើសពីនេះទៅទៀត លោក អ៊ី ថាវរៈ ចៅក្រមជំនុំ ជម្រះនៃសាលាដំបូង រាជធានីភ្នំពេញ បានលើកយកសំណុំរឿង វីតិក្រម របស់អនុប្រធាន ការិយាល័យ ត្រួតពិនិត្យគម្រោងនៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា (CDC) មកធ្វើបើកសវនាការ ជាសាធារណៈ។
នៅក្នុងសវនាការ កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ជនជាប់ចោទ ឈ្មោះ ឡាយ ថារ័ត្ន បានសារភាពថា ខ្លួនពិតជាបានទទួលប្រាក់ ពីក្រុមហ៊ុន ខាងលើចំនួន ១០០០ដុល្លារមែនដើម្បីរត់ការ ឯកសារមេ របស់ក្រុមហ៊ុន ដើម្បីនាំចូលសម្លៀកបំពាក់មកកម្ពុជា។
ជនជាប់ចោទបន្តថា លុយនោះខ្លួន បានទទួលជាពីដំណាក់កាល ដោយលើកទី១ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ទទួលពីតំណាងក្រុមហ៊ុន ៥០០ដុល្លារ លុះដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ ទទួលបាន ៤០០ដុល្លារទៀត ដោយក្រដាស១០០ដុល្លារទៀត រហែក ប៉ុន្តែក្រោយទទួលលុយ ភ្លាមក៏ត្រូវអង្គភាព ប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនតែម្តង។
ជនជាប់ចោទ បានបញ្ជាក់ថា ក្រៅពីលុយ១០០០ដុល្លារ ខ្លួនបានទទួល ៥០ដុល្លារផងដែរ ដែលក្រុមហ៊ុនជាអ្នកឲ្យ ដោយខ្លួនមិនបានទាមទារនោះទេ៕
https://www.youtube.com/watch?v=iJH98SwGt04&feature=youtu.be
មតិយោបល់