ភ្នំពេញៈ កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» ដែលបានផ្តួចផ្តើមគំនិតបង្កើតឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦នេះ នាវិមានសន្តិភាព បានប្រារព្ធពិធីប្រគល់ពានរង្វាន់ និងប័ណ្ណសរសើរដល់បេក្ខជន-បេក្ខនារី ដែលបានឈ្នះជូនដល់ម្ចាស់ជ័យលាភីក្នុងវគ្គទី៣ហើយ ក្រោមអធិបតីភាពលោក ដួង តារា អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
លោក ដួង តារា ថ្លែងក្នុងពិធីនោះថា ប្រទេសកម្ពុជា ជាប្រទេសមានចំនួនយុវជនច្រើនជាងគេបំផុតនៅក្នុងតំបន់អាស៊ាន ពោល គឺមាន៦៥%ជាយុវជន ក្នុងចំណោមអត្រាប្រជាជនកម្ពុជា ក្នុងន័យនេះ លោកអំពាវនាវឲ្យយុវជនចូលរួមធ្វើនូវអំពើល្អ ជាស្នូលនៃការអភិវឌ្ឍន៍ប្រទេសជាតិ។ លោកបន្តថា ការសេពគប់ និងប្រព្រឹត្តអំពើល្អតាំងពីតូច អំពើល្អនឹងដើរតាមយើងជារៀងរហូត នេះគឺជាបំណង និងការរំពឹងរបស់សម្តេចតេជោ ហ៊ុន សែន ចង់ឲ្យយុវជនកម្ពុជា ដើរលើគន្លងផ្លូវល្អនៃជីវិត។
លោក ដួង តារា មានប្រសាសន៍បន្តថា បើគ្មានសន្តិភាពនោះទេ យើងមិនអាចក្លាយខ្លួនជាយុវជនគំរូ ហើយយុវជនក៏មិនអាចចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិបានដែរ។ លោកក៏បានអំពាវនាវថា សូមឲ្យការកសាងអំពើល្អនេះ កើតឡើងជានិច្ចនិរន្តន៍ មិនត្រឹមតែធ្វើជាយុវជនគំរូក្នុងកម្មវិធីនេះនោះទេ។
ម្ចាស់ជ័យលាភីលេខ១ សម្រាប់កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» នៅវគ្គទី៣នេះ យុវជន ឃឹម សុច័ន្ទវីរៈ បានសម្ដែងនូវក្ដីរីករាយក្រៃលែង ហើយយុវជនរូបនេះបន្តថា នឹងចូលរួមធ្វើកិច្ចការសង្គមបន្តទៀត ដើម្បីចូលរួមក្នុងលើកស្ទួយដល់យុវជនកម្ពុជា ចូលរួមឲ្យសង្គមមានភាពរីកចម្រើន។
កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» បែងចែកជា៣ដំណាក់កាល រួមមាន ដំណាក់កាលទី១ ជាដំណាក់កាលជម្រើសយកតែបេក្ខជន១០០នាក់ សម្រាប់ឲ្យដាក់ពាក្យចូលរួមប្រកួតប្រជែងនៅក្នុងគេហទំព័ររបស់សម្ដេច។ ដំណាក់កាលទី២ បេក្ខជនចំនួន១០០នាក់ ដែលបានជ្រើសរើសដោយក្រុមបច្ចេកទេសរួចហើយ គឺបានយកទៅប្រកួតប្រជែង នៅលើគេហទំព័រសម្ដេចតេជោ ដើម្បីជ្រើសរើសយក Top10 ដែលមានរយៈពេល២ថ្ងៃថែមទៀត។ ដំណាក់កាលទី៣ បេក្ខជនដែលទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេចំនួន១០នាក់ ត្រូវបានយកទៅបោះឆ្នោតប្រកួតប្រជែងនៅក្នុងគេហទំព័រហ្វេសប៊ុកសម្ដេចតេជោ រយៈពេល២ថ្ងៃបន្ថែមទៀត ទើបប្រកាសពីបេក្ខជនទទួលជ័យលាភី៕
មតិយោបល់