កំពង់ចាមៈ លោកអធិការរងស្រុកបាធាយ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីរថយន្តសាមុយមួយគ្រឿង ខណៈមេឃកំពុងភ្លៀង បានបើកយ៉ាងលឿន បញ្ច្រាសផ្លូវគេទាំងស្រុង ជ្រុលទៅបុកម៉ូតូមួយគ្រឿងលាន់ដូចរន្ទះ ផ្លោងយុវជន៣នាក់ ស្លាប់មួយរំពេច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទី ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៦ ខាងជើងភូមិស្វាយពកឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។
លោកអធិការរងស្រុកបាធាយ បានបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តពេទ្យមួយគ្រឿង ម៉ាកស៊ីណា ពណ៌សរ គ្មានស្លាកលេខ អ្នកបើកបរបានរត់គេចខ្លួនបាត់ បើកបរក្នុងទិសដៅពីជើងទៅត្បូង បញ្ច្រាសទិសដៅចរាចរណ៍លុះបានមកដល់ចំណុចខាងលើ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1J-8495 បើកបរដោយឈ្មោះ ផាត ជីមួយ ភេទប្រុស អាយុ១៧ឆ្នំា ស្នាក់នៅភូមិស្រះព្រឹង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ឌុបគ្នា២នាក់នៅខាងក្រោម ទី១ឈ្មោះ អាន ហ្សា ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិឃុំជាមួយគ្នា និងម្នាក់ទៀតឈ្មោះ ផល ឃី្លម ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា ដែលកំពុងធ្វើដំណើរក្នុងទិសដៅបញ្ច្រាសទិសគ្នាពីត្បូងទៅជើង បណ្តាលឲ្យប៉ើងយុវជនទាំង៣នាក់ ស្លាប់ភ្លាមៗមួយរំពេច ចំណែរថយន្តវិញខូចខាតក្បាលខាងមុខយ៉ាងដំណំ រីឯម៉ូតូខូចខាតស្ទើរទាំងស្រុង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង នាំយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿង យកទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់ ។ចំណែកសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់