ព័ត៌មានជាតិ

ជនជាតិចារាយម្នាក់ ដើរឆ្លងផ្លូវត្រូវរថយន្តបុកខ្ទេចខ្លួនដូចសាច់ជ្រូកចិញ្ច្រាំទាំងព្រលឹម!

រតនគិរី: លោកនាយផ្នែកចរាចរណ៍ស្រុកអូរយ៉ាដាវ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តមួយគ្រឿងបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយត្ន័ ជ្រុលទៅបុកអ្នកដំណើរថ្មើរជើងម្នាក់ បណ្តាលឲ្យដាច់ដៃដាច់ខ្លួនខ្ទេច ស្ទើរតែដូចសាច់ជ្រូកចិញ្ច្រាំ ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។ ចំណែករថយន្តបើករត់បាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុមហ៊ុន ម៉ាងយ៉ាង តាមបណ្តោយផ្លូវជាតិលេខ៧៨ ភូមិគងយុ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

លោកនាយផ្នែកចរាចរណ៍ស្រុកអូរយ៉ាដាវ បានបន្តថា ជនរងគ្រោះដែលត្រូវរថយន្តបង្កបុកស្លាប់ខាងលើនេះ មានឈ្មោះ សេវ ហ្លិញ ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិចារាយ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ក្រោយកើតហេតុ កម្លាំងជំនាញ បានសហការជាមួយប៉ុស្តិ៍រដ្ឋបាល ចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង និងធ្វើកំណត់ហេតុ ប្រគល់សពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់