ព័ត៌មានជាតិ

ទៀតហើយ! ក្មេងស្រី២នាក់បងប្អូនចុះកាច់ផ្កាឈូកលង់ទឹកស្លាប់នៅបឹងសូរគេន

កំពង់ចាម: លោកមេប៉ុស្តិ៍សូរគង បានប្រាប់Post Newsថា មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានក្មេងស្រី២នាក់បងប្អូនបង្កើតនឹងគ្នា ចុះកាច់ផ្កាឈូកក្នុងបឹងស្រាប់តែលង់ទឹកផ្អើលបងប្អូនប្រជាពលរដ្ឋនាំគ្នាចុះជួយស្រង់ ប៉ុន្តែអកុសលទម្រាំរកឃើញនោះ ពួកគេបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបឹងសូរគេន ក្នុងភូមិសូគេន ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ខាងលើនេះ ទី១ឈ្មោះ ឆុន សុខលាភ ភេទស្រី អាយុ១៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ ឆុន មួយទាង ភេទស្រី អាយុ៧ឆ្នាំ ដោយមានឪពុកឈ្មោះ ប៉ាង ឡេក អាយុ៥៣ឆ្នាំ និងម្ដាយឈ្មោះ ស ឈុនហ៊ាងអាយុ៤៣ឆ្នាំ។

មូលហេតុដែលបណ្តាលឲ្យលង់នោះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា កើតឡើងបន្ទាប់ពីក្មេងស្រីទាំង២នាក់បងប្អូនចុះកាច់ផ្កាឈូក ទើបបណ្តាលឲ្យលង់ស្លាប់បែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋានសហការជាមួយនិងនគរបាលជំនាញ បានចុះមកធ្វើការកោសល្យវិច័យទៅលើសាកសពជនរងគ្រោះបានឲ្យដឹងថា សាកសពជនរងគ្រោះខាងលើ ពិតជាស្លាប់ដោយសារតែការលង់ទឹកពិតប្រាកដមែន ហើយបច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់