ព័ត៌មានជាតិ

បើកម៉ូតូបត់ចូលកន្លែងលាងមិនប្រយត្ន័ត្រូវរថយន្តមកពីក្រោយបុករបួសធ្ងន់

បាត់ដំបង: យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News ប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ ជិះម៉ូតូបត់ចូលកន្លែងលាង មិនប្រយត្ន័ ត្រូវរថយន្តម៉ាកវីហ្គូ បើកមកពីក្រោយ បុកពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងជើងរង្វង់មូលស្រុកភ្នំព្រឹក ប្រហែល១៥០ម៉ែត្រ ក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តម៉ាកវីហ្គូ ពណ៌ស ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 2AI-0547 បើកបរដោយ ឈ្មោះ ឌុក ប្រុសសីលា ភេទប្រុស រស់នៅភូមិកណ្តាល ឃុំអូររំដួល បើកបរក្នុងទិសដៅពីត្បូងទៅជើង ដល់ចំណុចខាងលើ បានបុកជាមួយម៉ូតូ១គ្រឿង ម៉ាកសង់សេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ 1X-5504 បណ្តាលឲ្យអ្នកជិះម៉ូតូម្នាក់ឈ្មោះ ហេង វឿន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា រងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចហៅរថយន្តសង្រ្គោះ របស់មណ្ឌលសុខភាពពេជ្រចិន្តា បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ប្រតិបត្តិស្រុកសំពៅលូន។

ចំណែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមនីតិវិធីច្បាប់៕

មតិយោបល់